១២ កុម្ភៈ ២០២៦

Written on 24/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃព្រហស្បតិ៍

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១៧-២៤

បន្ទរទី១ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏​អស្ចារ្យ​នៃធម្មវិន័យរបស់ព្រះអង្គ។

១៧ សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ
នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨
សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញ
ភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
១៩
ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ
សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។
២០
ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។
២១
ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។
២២


សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ
កុំឱ្យមានគេត្មះតិះដៀល និងមើលងាយទូលបង្គំឡើយ
ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។

២៣
ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ
ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ
នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
២៤
ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏​អស្ចារ្យ​នៃធម្មវិន័យរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ២៥

ការទូលសុំលើកលែងទោស និងការសង្រ្គោះ

សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។

បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់​ព្រះអង្គ។

(ក)

(បទពាក្យ ៧)

១- ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត ផ្ចង់ទាំងគំនិតឥតរវាត  
  ទៅលើព្រះអង្គមិនឃ្លាងឃ្លាត នឹកហើយគិតទៀតមិនបែកចិត្ត
២- បពិត្រព្រះម្ចាស់ទូលបង្គំ ពេលនេះរូបខ្ញុំផ្ញើជីវិត  
  កុំឱ្យទូលបង្គំត្រូវខកចិត្ត ព្រោះខ្មាំងជុំជិតមានជោគជ័យ
៣- អស់អ្នកសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវបង់ខកចិត្តអ្វី  
  គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ ទើបខកចិត្តក្រៃអ្វីក៏គ្មាន
៤- ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ
៥- សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
៦- ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច
៧- សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច  
  នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចសូមមេត្តា
៨- ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង
៩- ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០- មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១- ឱព្រះអម្ចាស់ប្រណីប្រោស កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់  
  អំពើទុច្ចរិតមានពីមុន សូមក្រាបកាយលន់តួព្រះម្ចាស់
១២- អស់អ្នកគោរពហើយកោតខ្លាច ឫទ្ធីអំណាចបានស្គាល់ច្បាស់  
  ទ្រង់បង្ហាញផ្លូវឥតក្រឡះ ដែលគេត្រូវជ្រើសតាមចិន្តា
១៣- នោះគាត់បានសុខមានមង្គល ឥតមានខ្វាយខ្វល់គ្រប់វេលា  
  ពូជពង្សកូនចៅទាំងអស់គ្នា គ្រងស្រុកទុកជាកេរមរត៌ក
១៤- ព្រះតែងសម្តែងភក្តីភាព អ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ  
  អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមណែនាំទូលបង្គំឱ្យស្គាល់សេចក្ដីពិតរបស់​ព្រះអង្គ។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។

(ខ)

១៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច
ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។
១៦
សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧
ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។
១៨
សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ
សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩
សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន
គេស្អប់ទូលបង្គំខ្លាំងណាស់។
២០
សូមការពារជីវិត និងរំដោះទូលបង្គំផង!
ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
២១
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ
ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។
២២
ឱព្រះអម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។

ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៤,១៣)

មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ព្រះ​ដែល​បង្ហាញ​ឱ្យ​មនុស្ស​ស្គាល់ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គព្រះ​ដែល​ធ្វើ​ឱ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែន‌ដី ព្រះ‌អង្គ​មាន​នាម​ថា​ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។
 
បន្ទរ៖ ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!។
-ចូរសរសើរតម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគាត់ជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមប្រោសឱ្យយើងខ្ញុំចេះចែក​រំលែកនូវជីវិត និងសេចក្តីស្រឡាញ់ ដែលព្រះវិញ្ញាណបានផ្តល់ឱ្យយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៥,៨)

ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឱ្យភាពអន្ធការប្រែទៅ​ជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឱ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹក​សមុទ្រ​មកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
 
បន្ទរ ៖ មាន​ពន្លឺ​រស្មីចិញ្ចែង‌ចិញ្ចាចចាំង​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។
-ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុង រឿង។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អម ៩,៦)

យើង​បញ្ជា​ឱ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែលក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឱ្យ​ជ្រុះ​ដល់​ដី​ដែរ។
 
បន្ទរ ៖ ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង​រឿងរបស់​ព្រះ‌ជាម្ចាស់។
-អាកាសវេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្ត អំណត់អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។
សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹង ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!