០២ កុម្ភៈ ២០២៧

Written on 22/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃអង្គារ

បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១៣៧-១៤៤

ធម្មវិន័យរបស់ព្រះអង្គជាសេចក្តីសុចរិត

បន្ទរទី១ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដីនេះ ហើយ​ប្រតិ‌បត្តិតាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គលមិន​ខាន។

១៣៧ បពិត្រព្រះអម្ចាស់ ! ព្រះអង្គពិតជាសុចរិតមែន
សេចក្តីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវ !
១៣៨
ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។
១៣៩
ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
១៤០
ព្រះបន្ទូលសន្យារបស់ព្រះអង្គជាក់ស្តែងហើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះខ្លាំងណាស់។
១៤១
ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង
ប៉ុន្តែ ទូលបង្គំមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ។
១៤២
សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយធម្មវិន័យរបស់ព្រះអង្គជាសេចក្តីពិត។
១៤៣
ទូលបង្គំកើតទុក្ខអន្ទះអន្ទែងតប់ប្រមល់ជាខ្លាំង
តែវិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានអំណរ។
១៤៤
ដំបូន្មានរបស់ព្រះអង្គសុចរិតអស់កល្បជានិច្ច
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា ដើម្បីឱ្យទូលបង្គំមានជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដីនេះ ហើយ​ប្រតិ‌បត្តិតាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គលមិន​ខាន។

ទំនុកតម្កើងលេខ ៨៨

ពាក្យអធិដ្ឋានរបស់មនុស្សដែលមានជំងឺធ្ងន់ធ្ងរ

“ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចោញអំណាច” (លក ២២,៥៣)។

បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! សូម​ឱ្យពាក្យ​អធិដ្ឋាន​របស់ទូល‌បង្គំ បាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ ! ។

(ក)

(បទព្រហ្មគីតិ)

២- បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ  
  ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា ។
៣- សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា  
  សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក ។
៤- ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក  
  ខ្លោចផ្សារជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត ។
៥- គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត  
  ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់ ។
៦- ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់  
  បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា ។
៧- ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា  
  ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ ។
៨- ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ  
  ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ ។
៩- ព្រះអង្គឱ្យអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ  
  ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង ។
១០- ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង  
  ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូម​ឱ្យពាក្យ​អធិដ្ឋាន​របស់ទូល‌បង្គំ បាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ ! ។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកហៅព្រះអង្គ សូមកុំលាក់​ព្រះភក្ត្រ​ឡើយ ! ។

(ខ)

១១ តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២
តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣
តើអ្នកដែលនៅក្នុងស្ថានងងឹត
អាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤
ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្រ្តព្រះអង្គតាំងពីព្រឹក។
១៥
ឱព្រះអម្ចាស់អើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្រ្តពីទូលបង្គំ?
១៦
ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្ល៉េះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨
ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរ ដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩
ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកហៅព្រះអង្គ សូមកុំលាក់​ព្រះភក្ត្រ​ឡើយ! ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៨,១៤)

ពេល​នោះ ព្រះអង្គ​ផ្ទាល់នឹង​ធ្វើជា​ទីសក្ការៈ តែ​ព្រះ‌អង្គ​ជា​ថ្ម​ ដែល​នាំ​ឱ្យប្រជាជាតិ​អ៊ីស្រាអែល​ទាំង​ពីរ​នគរ​ប៉ះទង្គិច ជា​សិលា​ដែល​នាំ​ឱ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ
—ព្រះ‌អង្គ​តែង‌តែ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤២,១៣)

ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជាជនរបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​យាង​ចេញ​ទៅ​ដូច​វីរជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះ‌អង្គ​បន្លឺព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើខ្មាំង​សត្រូវ។

បន្ទរ៖ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែន‌ដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង
—មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺសំឡេង​តម្កើង​ព្រះអម្ចាស់​ដោយ​អំណរ !

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១២,៥-៦)

ចូរ​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះឱ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ដឹង​ផង! អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺសំឡេង​ជយឃោស​ដោយ​អំណរ! ដ្បិតព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាល​ចំណោមអ្នក​រាល់​គ្នា ព្រះ‌អង្គឧត្តុង្គ‌ឧត្ដម!។

បន្ទរ៖ ព្រះ‌អម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង
—ធ្វើឱ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដីសុខ‌សាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកប្រសូត្រជាមនុស្ស។ នៅថ្ងៃនេះ យើង ខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាដែលនាងម៉ារី និងលោកយ៉ូសែប យកទៅថ្វាយព្រះអម្ចាស់ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ដោយព្រះហឫទ័យប្រណីសន្តោស សូមព្រះអង្គប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គ ដោយចិត្តបរិសុទ្ធផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !