១២ មករា ២០២៦

Written on 15/10/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១ ថ្ងៃចន្ទ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៩,៨-១៥

សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង

ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​
សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

បន្ទរទី១ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់​ ធ្វើឱ្យមានកម្លាំងចិត្ត​ ហើយពន្លឺរបស់ព្រះអង្គ​ ធ្វើឱ្យភ្នែកបានភ្លឺ។

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់ បែរទៅជាមានប្រាជ្ញា

បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០
ការគោរពកោតខ្លាចព្រះអម្ចាស់ ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
១១
គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២
ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣
គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤
សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥
ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។​

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់​ ធ្វើឱ្យមានកម្លាំងចិត្ត​ ហើយពន្លឺរបស់ព្រះអង្គ​ ធ្វើឱ្យភ្នែកបានភ្លឺ។

ទំនុកតម្កើងលេខ ៧

ពាក្យ​អធិដ្ឋាន​របស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ដែលត្រូវគេនិយាយមួលបង្កាច់

ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

បន្ទរទី២ ៖ ព្រះអម្ចាស់​នឹង​យាង​មក​ ជា​ចៅក្រម​ដ៏​សុចរិត​របស់ប្រជាជន។

(ក)

(បទពាក្យ ៧)​

២- ឱព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំសូមពឹងហើយលើព្រះអង្គ  
  សង្គ្រោះរំដោះនិងទ្រទ្រង់ រួចពីអន្លង់អ្នកបៀតបៀន
៣- ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន  
  នោះគ្មាននរណាអាចនឹងហ៊ាន រំដោះឱ្យបានរួចជីវិត
៤- ឱព្រះអម្ចាស់ទូលបង្គំ ប្រសិនបើខ្ញុំបានប្រព្រឹត្ត  
  ដូចពាក្យគេថាដោយគ្មានគិត ប្រឡាក់ដាមដិតក្តីកខ្វក់
៥- ប្រសិនបើទូលបង្គំបាន ប្រព្រឹត្តសាមាន្យចិត្តអាក្រក់  
  តបនឹងមិត្តភក្តិដោយគំរក់ រឹបអូសលួចឆក់យកទ្រព្យា
៦- សូមឱ្យសត្រូវខ្មាំងដេញទាន់ និងឱ្យគេជាន់ឈ្លីប្រហារ  
  ព្រមទាំងកិត្តិយសខ្ញុំនេះណា ទម្លាក់អាត្មាក្នុងភក់ចុះ
៧- ឱព្រះអម្ចាស់សូមតើនឡើង ពិរោធឱ្យប៉ើងតបចំពោះ  
  អំពើឃោរឃៅសត្រូវនោះ ដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨- សូមឱ្យប្រជាជាតិនានា ចោមរោមនាំគ្នាមកត្រងត្រាប់  
  ជុំវិញព្រះអង្គល្អគួរគាប់ លើអស់មនុស្សសព្វសត្វនានា
៩- ព្រះអង្គជាចៅក្រមវិនិច្ឆ័យ ប្រជាប្រុសស្រីគ្រប់អង្គា  
  ព្រះអម្ចាស់អើយសូមមេត្តា ទូលបង្គំនេះណាអ្នកស្លូតត្រង់
១០- សូមឈប់ធ្វើអំពើទុច្ចរិត ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង  
  បពិត្រព្រះដ៏សុចរិតថ្កើង សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​នឹង​យាង​មក​ ជា​ចៅក្រម​ដ៏​សុចរិត​របស់ប្រជាជន។

បន្ទរទី៣ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត​ និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់។

(ខ)

១១ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២
ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣
មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤
គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥
អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦
អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧
អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត​ និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់។


(ពេលព្រឹក ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៣,៨.១០)

មិន​ត្រូវ​ជំពាក់​អ្វីនរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យសព្វ​គ្រប់​ហើយ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ​ឡើយ ដូច្នេះ​សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ។
 
បន្ទរ៖ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ។
-ឱព្រះសង្គ្រោះអើយ! សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

(ពេលថ្ងៃត្រង់ ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,១៩-២០.២៦)

បង‌ប្អូនជាទីស្រឡាញ់អើយ បង‌ប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវ​ប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹងពុំអាច​ធ្វើអ្វីស្របតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើនរណាម្នាក់នឹក​ស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួន​ឯង​ហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
 
បន្ទរ៖ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត។
-ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

(ពេលរសៀល ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,១៧ខ-១៩)

ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ក្នុង​ពេល​ដែល​បង‌ប្អូន​ស្នាក់​នៅ​លើ​ផែន‌ដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឱ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។
 
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូម​រំដោះ​ទូល‌បង្គំ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ផង!។
-ទូល‌បង្គំនឹង​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នកដែលបានហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!