០៥ មករា ២០២៦

Written on 22/10/2026
Mary Siya Khim

ថ្ងៃចន្ទ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៤១-៤៨

ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៤១ ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២
សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣
សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។
៤៤
ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
៤៥
ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។
៤៦
ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា
ទូលបង្គំនឹងមិនខ្មាស់ឡើយ។
៤៧
ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។
៤៨
ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់
ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨

ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ

“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។

(ក)

(បទពាក្យ ៧)

២- ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង  
  ស្តាប់សូរសម្រែកមិនលំអៀង ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
៣- ព្រះអង្គយកខ្ញុំពីរណ្តៅ ពីភក់ជ្រាំជ្រៅយកមកដាក់  
  នៅលើថ្មដាគ្មានថ្នាំងថ្នាក់ ថែទាំទុកដាក់ខ្ញុំរុងរឿង
៤- ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង បទថ្មីសំនៀងលើកតម្កើង  
  មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
៥- មនុស្សណាដែលបានផ្ញើជីវិត លើព្រះមានឫទ្ធិដ៏អង់អាច  
  មិនបែរគោរពទៅខ្លបខ្លាច ព្រះមានអំណាចព្រះបោកប្រាស
៦- បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ ព្រះអង្គឧត្តមប្រសើរណាស់  
  ការអស្ចារ្យទ្រង់ច្រើនដេរដាស ជាព្រះសង្គ្រោះមិនបែកបែរ
  ព្រះអង្គក៏មានគម្រោងការ ច្រើនឥតឧបមាឥតងាករេ  
  គ្មាននរណាស្មើព្រះអង្គទេ ការអស្ចារ្យទ្វេរាប់មិនអស់
៧- ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ  
  ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្តាប់ព្រះតំរិះនៃព្រះអង្គ
៨- ដូច្នេះទូលបង្គំសូមពោលថា បពិត្រករុណាដ៏ឧត្តុង្គ  
  ទូលបង្គំប្រព្រឹត្តឥតរេរង់ តាមសេចក្តីក្នុងព្រះគម្ពីរ
៩- ទូលបង្គំពេញចិត្តធ្វើតាម ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី  
  វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១០ ទូល‌បង្គំបាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំដ៏​ធំ ដឹង​អំពី​សេចក្ដីសុចរិត​របស់ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា
ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១
ទូល‌បង្គំមិន​លាក់​សេចក្ដីសុចរិត​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ទូល‌បង្គំទាល់​តែ​សោះ
ទូល‌បង្គំ​តែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
នៅ​កណ្ដាល​អង្គ​ប្រជុំធំ​បាន​ឡើយ។
១២
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំដឹង​ថា​
ព្រះ‌អង្គ​តែងតែអាណិត​មេត្តា​ទូល‌បង្គំឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​ តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំជា‌និច្ច។
១៣
មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើឲ្យ​ទូល‌បង្គំស្រវាំង​ភ្នែក​មើល​អ្វីលែង​ឃើញ
កំហុស​ទូល‌បង្គំមាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំលែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។
១៤
ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៧
រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ
ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨
ទូល‌បង្គំជា​មនុស្ស​កំសត់​ទុរគត តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំអើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
​តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,៧)

តើប្រជា‌ជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះ‌អម្ចាស់ ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះ‌អង្គ?។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១២,៥-៦)

ចូរស្មូតទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គបានធ្វើការផ្សេងៗ ដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះឱ្យមនុស្សនៅលើផែន‌ដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយ‌ឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលគង់នៅកណ្ដាល ចំណោមអ្នករាល់គ្នា ព្រះ‌អង្គឧត្តុង្គ‌ឧត្ដម!។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់ អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដីនឹងទទួលស្គាល់ព្រះចេស្តា របស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ១៤,៦-៧)

មនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីទាំងមូល នឹងប្រែចិត្តគំនិត ហើយនាំគ្នាកោតខ្លាចព្រះ‌ជាម្ចាស់ដោយស្មោះ។ ពួកគេនាំគ្នាឈប់គោរពបម្រើព្រះ‌ក្លែង‌ក្លាយ ដែលចេះតែបញ្ឆោតគេ និងនាំពួកគេឱ្យវង្វេងទៀតហើយ។ ពួកគេក៏នាំគ្នាលើកតម្កើងព្រះ‌ជាម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅអស់កល្ប‌ជានិច្ច ដោយប្រព្រឹត្តអំពើសុចរិត។ ជនជាតិអ៊ីស្រា‌អែលទាំងអស់ នឹងទទួលការសង្គ្រោះ នៅថ្ងៃនោះ ព្រោះពួកគេនឹកគិតដល់ព្រះ‌ជាម្ចាស់ដោយចិត្តស្មោះ គេជួបជុំគ្នា និងនាំគ្នាមកក្រុងយេរូ‌សាឡឹមវិញ។ ព្រះ‌អង្គប្រោសប្រទានឱ្យពួកគេរស់នៅលើទឹកដីរបស់លោកអប្រា‌ហាំដោយសុខ‌សាន្ត អស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលស្រឡាញ់ព្រះ‌ជាម្ចាស់ដោយចិត្តស្មោះ នឹងមានអំណរ រីឯអ្នកប្រព្រឹត្តអំពើបាប ព្រមទាំងអំពើទុច្ចរិត នឹងត្រូវអន្ត‌រាយបាត់ពីផែនដីនេះ។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានយកយើងខ្ញុំ មក​កាន់​ពន្លឺនៃថ្ងៃថ្មីនេះ សូមព្រះអង្គថែរក្សាយើងខ្ញុំឱ្យមានសុវត្ថិភាពពេញមួយថ្ងៃ ដោយវៀរចាកឆ្ងាយពីឱកាសប្រព្រឹត្តអំពើបាប។ សូមឱ្យរាល់ពាក្យសម្តី ចិត្តគំនិត និងសកម្មភាពរបស់យើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!