០២ មករា ២០២៦

Written on 25/10/2026
Mary Siya Khim

ចាប់ពីថ្ងៃទី២ មករា ដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

សន្តបាស៊ីល និងសន្តក្រេគ័រ ជាជនដ៏ប្រសើរឧត្តម នៅណាស៊ីយ៉ាង

(បុណ្យរំឭកចាំបាច់)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

២៥ ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦
ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។
២៧
សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨
ទូលបង្គំមានទុក្ខយំសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩
សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០
ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១
ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២
ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៦

ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ
ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

(បទកាកគតិ)

១- ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម
  សូមរកយុត្តិធម៌ ឱ្យទូលបង្គំ ដែលអស់យើងខ្ញុំ
    ទុកចិត្តព្រះអង្គ
២- ឱព្រះអម្ចាស់ សូមស្ទង់ឱ្យច្បាស់ លចិត្តមើលផង
  ពិនិត្យរូបខ្ញុំ ហើយពិសោធល្បង ចិត្តខ្ញុំឥតហ្មង
    ស្មោះស្ម័គ្រជានិច្ច
៣- ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច
  ហើយបានធ្វើតាម ឥតមានកែគេច តាមជាប់ជានិច្ច
    មិនគេចបែកបែរ
៤- ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ
  ឬពួកខិលខូច ជនអាវ៉ាសែ ពុតត្បុតហូរហែ
    ក៏មិនសេពគប់
៥- ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់
  មិនធ្វើល្ងីល្ងើ អង្គុយរួមរួប ទោះថ្ងៃឬយប់
    នឹងពួកពាលា
៦- ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា
  ទូលបង្គំលាងដៃ គឺបញ្ជាក់ថា រូបខ្ញុំគឺជា
    មនុស្សឥតសៅហ្មង
៧- ព្រមទាំងបន្លឺ សំឡេងរន្ទឺ អរគុណព្រះអង្គ
  និងរៀបរាប់ពី ការអស្ចារ្យផង របស់ព្រះអង្គ
    មានទាំងប៉ុន្មាន
៨- បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត
  របស់ព្រះអង្គ គឺជាទីស្ថាន សិរីថ្កើងថ្កាន
    ព្រះអង្គស្ថិតនៅ
៩- សូមកុំទុកឱ្យ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ
  កុំដកជីវិត ទូលបង្គំយកទៅ នឹងពួកឃោរឃៅ
    ធ្លាប់បង្ហូរឈាម
១០- ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម
  អំពើទុច្ចរិត ដែលព្រះលោកហាម ខំបង្ហូរឈាម
    ឬស៊ីសំណូក
១១- ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក
  ច្របល់នឹងពួក ធ្លាប់ស៊ីសំណូក សូមរំដោះយក
    រូបខ្ញុំនេះផង
១២- រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់
  ទូលបង្គំនឹងលើក តម្កើងព្រះអង្គ ឱ្យខ្ពស់ឧត្តុង
    ក្នុងប្រជុំធំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!

ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។

សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។

សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។

ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។

ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៣ក)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញា​ឱ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឱ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​ឱ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់។
 
បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!
—ព្រះអង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤២,១)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើដែល​យើង​គាំ‌ទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស និង​ជា​ទី​គាប់‌ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយស្គាល់​ការ​វិនិច្ឆ័យ។
 
បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៩,៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឱ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ឱ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឱ្យ​ធ្វើជា​ពន្លឺសម្រាប់​បំភ្លឺប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។
 
បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺព្រះសហគមន៍ ដោយសារការប្រៀនប្រដៅ និងការរស់នៅរបស់សន្តបាស៊ីល និងសន្តក្រេគ័រ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ស្វែងរកសេចក្តីពិត និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងខ្ញុំប្រព្រឹត្តនូវអ្វីៗទាំងអស់ ដោយចិត្តសុភាពរាបសារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!