២៣ ធ្នូ ២០២៦

Written on 03/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃពុធ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩

ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

១៤៥
បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ!
១៤៦

ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧

ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។
១៤៩

សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០

អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១

បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២

តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មាន ឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

ទំនុកតម្កើងលេខ ៩៤

ព្រះអម្ចាស់នឹងសងសឹកឱ្យមនុស្សសុចរិត
...ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ...។ ព្រះ‌ជាម្ចាស់ត្រាស់​ហៅ​យើង​មក មិន​មែន​ឱ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឱ្យ​យើង​វិសុទ្ធ​វិញ (១ថស ៤,៦-៧)។

(ក)

(បទព្រហ្មគីតិ)

១- បពិត្រព្រះអម្ចាស់ ទ្រង់តែងប្រោសរកយុត្តិធម៌  
  ព្រះនាមល្បីខ្ទារខ្ទ័រ ដោយចេស្តាឫទ្ធិបារមី ។
២- ព្រះដែលជាចៅក្រម ដ៏ឧត្តមលើផែនដី  
  តើនឡើងដាក់ទោសពៃរ៍ មនុស្សអប្រីយ៍តាមអំពើ ។
៣- ឱព្រះអម្ចាស់អើយ តើទុកឱ្យមនុស្សល្ងីល្ងើ  
  អាក្រក់មានជ័យលើ រូបខ្ញុំនេះដល់ពេលណា? ។
៤- គេពោលពាក្យក្អេងក្អាង អួតបំប៉ោងឫកសង្ហា  
  ចូលចិត្តពាក្យមុសា គេនាំគ្នាធ្វើទុច្ចរិត ។
៥- បពិត្រព្រះជាម្ចាស់ ពួកគេជិះជាន់សង្កត់  
  ប្រជាជនសុចរិត ទាំងទឹកដីឱ្យអន្តរាយ ។
៦- ពួកវាកាប់សម្លាប់ ដោយសំអប់ស្រីមេម៉ាយ  
  អន្តោប្រវេសន៍ក្ស័យ ហើយប្រល័យក្មេងកំព្រា ។
៧- គេថាព្រះអម្ចាស់ ទតមិនច្បាស់មិនបានការ  
  ព្រះយ៉ាកុបនេះណា មិនបានការមិនយល់អ្វី ។
៨- ពួកមនុស្សល្ងីល្ងើអើយ អ្នកនេះហើយប្រាជ្ញាខ្លី  
  ចិត្តខ្មៅជួរអប្រីយ៍ មិនដឹងអីមិនចេះគិត ។
៩- ព្រះអង្គបង្កើតភ្នែក ឱ្យក្រឡេកមើលឆ្ងាយជិត  
  តើទ្រង់មិនចេះគិត មិនចេះទតអ្វីទេឬ? ។
  ឯត្រចៀកមនុស្ស ទាំងស្រីប្រុសឱ្យស្តាប់ឮ  
  ព្រះអង្គធ្វើបញ្ឈឺ ឬមិនចេះស្តាប់សំឡេង ។
១០- ព្រះអង្គវាយប្រដៅ មនុស្សល្ងង់ខ្លៅឱ្យចេះដឹង  
  ម្តេចក៏ទ្រង់មិនខឹង ទ្រង់មិនដាក់ទោសអីទេ ។
១១- ទ្រង់ជ្រាបគំនិតអស់ របស់មនុស្សលើលោកីយ៍  
  គំនិតពួកគេខ្លី ព្រោះពួកគេជាមនុស្សខ្លៅ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

(ខ)

១២
បពិត្រព្រះអម្ចាស់! អ្នកណាដែលព្រះអង្គវាយប្រដៅ 
ហើយយកវិន័យមកអប់រំ អ្នកនោះមានសុភមង្គលហើយ!
១៣

នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឱ្យគេមានចិត្តស្ងប់
ពេលនោះ មានរណ្តៅបម្រុងទុកសម្រាប់កប់មនុស្សពាល
១៤

ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ 
ព្រះអង្គមិនចោលចំណែកមរតកផ្ទាល់របស់ព្រះអង្គ។
១៥

ពេលនោះ ចៅក្រមនឹងកាត់ក្តីដោយយុត្តិធម៌ឡើងវិញ
អស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។
១៦

តើនរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់? 
តើនរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
១៧

ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
១៨

បពិត្រព្រះអម្ចាស់! ពេលណាទូលបង្គំពោលថា ខ្ញុំដួលឥឡូវហើយ!
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាមកជួយទ្រទូលបង្គំ។
១៩

ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ 
ព្រះអង្គសម្រាលទុក្ខទូលបង្គំ នឹងប្រទានឱ្យទូលបង្គំមានអំណរសប្បាយ។
២០

តើព្រះអង្គពាក់ព័ន្ធជាមួយនឹងចៅក្រមដ៏ទុច្ចរិតទាំងនេះ
ដែលលើកយកសេចក្តីអយុត្តិធម៌ឬទេ?
២១

ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
២២

ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ 
ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រកសម្រាប់ខ្ញុំ។
២៣

ព្រះអង្គសងទៅពួកគេវិញ សមតាមអំពើអាក្រក់ដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើឱ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ 
ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឱ្យពួកគេវិនាសសូន្យទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៩,១១.១៣)

យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុកសម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្តល់​សេចក្ដីសុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឱ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្តល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឱ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើងដោយ​ចិត្ត​ស្មោះ។
 
បន្ទរ៖ សូមឱ្យប្រជា‌ជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឱ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣០,១៨)

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្តារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត‌អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បារ ៣,៥-៦)

សូម​ព្រះ‌អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច‌រិតនៃ​ដូនតា​របស់​យើង​ខ្ញុំ​ឡើយ ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ‌បារមី និង​ពី​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយបង្ហាញពីព្រះហឫទ័យ មេត្តាករុណាចំពោះអ្នកតូចតាច និងអ្នកក្រីក្រ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំប្រែចិត្តគំនិត ដើម្បីទទួលកិត្តិយសដ៏ថ្លៃថ្លាជាបុត្រធីតារបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !