០៩ ធ្នូ ២០២៥

Written on 18/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអង្គារ

(ពេលថ្ងៃ)

ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៤៩-៥៦

វិន័យរបស់​ព្រះ‌អម្ចាស់

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

៤៩ សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ
ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម!
៥០
នៅពេលទូលបង្គំមានទុក្ខវេទនា
ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៥១
មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។
៥២
បពិត្រព្រះអម្ចាស់!
ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល
ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។
៥៣
មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ។
៥៤
នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
៥៥
បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។
៥៦
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៣

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប

គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។

(បទពាក្យ ៧)

២- មនុស្សលេលានាំគ្នាគិត ថាតាមការពិតគ្មានព្រះទេ  
  គេខំប្រព្រឹត្តមិនកែប្រែ រឿងថោកមិនកែគួរអាម៉ាស់
៣- ព្រះម្ចាស់ទតពីស្ថានលើមក ឃើញមនុស្សលោកមីរដេរដាស  
  ក្រែងលោមានម្នាក់វាងវៃឈ្លាស រវៃរវាសរកព្រះអង្គ
៤- ពួកគេវង្វេងទាំងអស់គ្នា ជាមនុស្សពាលាកាចយង់ឃ្នង  
  រកអ្នកដែលមានចិត្តទៀងត្រង់ សូម្បីម្នាក់ផងក៏មិនបាន
៥- តើអ្នកដែលចូលចិត្តប្រព្រឹត្ត អំពើទុច្ចរិតទាំងប៉ុន្មាន  
  សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ ទើបពួកគេហ៊ានធ្វើច្នោះឬ?
  ជីវិតគេរស់ព្រោះកឹបគៃ លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ  
  គេធ្វើមិនដឹងធ្វើមិនឮ មិនដែលព្រួយព្រឺស្រែករកព្រះ
៦- ទោះបីជាគ្មានមូលហេតុអ្វី គួរឱ្យភិតភ័យទាល់តែសោះ  
  ក៏ពួកគេភ័យស្លន់ទាំងអស់ គ្មានដឹងអ្វីសោះជាន់ជើងគ្នា
  ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង ដែលធ្លាប់ប្រឆាំងនឹងប្រជា  
  ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់
៧- សូមព្រះអង្គគង់ក្នុងបុរី ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ  
  ជនជាតិអ៊ីស្រាអែលទាំងនោះ ឱ្យវិលមករស់ក្នុងស្រុកវិញ
  ពូជលោកយ៉ាកុបអរសប្បាយ សំណើចក្អាកក្អាយឥតទោម្នេញ  
  ឯពូជលោកអ៊ីស្រាអែលវិញ អំណរពោរពេញដ៏លើសលប់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ៥៤

សូម​រក​យុត្តិធម៌​ឱ្យទូល‌បង្គំផង

ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។

ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ
ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ!
សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។

ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង

ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនអើពើនឹងព្រះជាម្ចាស់ទេ។

ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។

ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។

ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង
ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៥)

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក គឺ​ស្តេច​មួយ​អង្គ​ដ៏​សុចរិត​ កើត​ចេញ​ពីពូជ‌ពង្ស​របស់​ដាវីឌ។ ស្តេច​នោះ​នឹង​គ្រង​រាជ្យប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់‌គ្រង​ស្រុកដោយ​សុចរិត និង​យុត្តិធម៌។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៦)

នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ថ្វាយ​ព្រះ‌នាម​ស្តេច​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៤,១៥-១៦)

យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឱ្យត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះគ្រីស្តឲ្យយាងមកសង្រ្គោះមនុស្សគ្រប់ជាតិសាសន៍។
ព្រះគ្រីស្តបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន សូមព្រះអង្គប្រោសឲ្យយើងខ្ញុំប្រុងស្មារតីទទួលព្រះគ្រីស្តដែលកំពុងយាងមក។
សូមប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសអំពីការសង្គ្រោះនេះ នៅកន្លែងដែលយើងខ្ញុំរស់នៅ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!