០៥ ធ្នូ ២០២៥

Written on 24/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសុក្រ

(ពេលថ្ងៃ)

ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

២៥

ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។

២៦

ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។

២៧

សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។

២៨

ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។

២៩

សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!

៣០

ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។

៣១

ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!

៣២

ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៦

ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

(បទកាកគតិ)

១- ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម
  សូមរកយុត្តិធម៌ ឱ្យទូលបង្គំ ដែលអស់យើងខ្ញុំ
    ទុកចិត្តព្រះអង្គ
២- ឱព្រះអម្ចាស់ សូមស្ទង់ឱ្យច្បាស់ លចិត្តមើលផង
  ពិនិត្យរូបខ្ញុំ ហើយពិសោធល្បង ចិត្តខ្ញុំឥតហ្មង
    ស្មោះស្ម័គ្រជានិច្ច
៣- ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច
  ហើយបានធ្វើតាម ឥតមានកែគេច តាមជាប់ជានិច្ច
    មិនគេចបែកបែរ
៤- ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ
  ឬពួកខិលខូច ជនអាវ៉ាសែ ពុតត្បុតហូរហែ
    ក៏មិនសេពគប់
៥- ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់
  មិនធ្វើល្ងីល្ងើ អង្គុយរួមរួប ទោះថ្ងៃឬយប់
    នឹងពួកពាលា
៦- ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា
  ទូលបង្គំលាងដៃ គឺបញ្ជាក់ថា រូបខ្ញុំគឺជា
    មនុស្សឥតសៅហ្មង
៧- ព្រមទាំងបន្លឺ សំឡេងរន្ទឺ អរគុណព្រះអង្គ
  និងរៀបរាប់ពី ការអស្ចារ្យផង របស់ព្រះអង្គ
    មានទាំងប៉ុន្មាន
៨- បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត
  របស់ព្រះអង្គ គឺជាទីស្ថាន សិរីថ្កើងថ្កាន
    ព្រះអង្គស្ថិតនៅ
៩- សូមកុំទុកឱ្យ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ
  កុំដកជីវិត ទូលបង្គំយកទៅ នឹងពួកឃោរឃៅ
    ធ្លាប់បង្ហូរឈាម
១០- ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម
  អំពើទុច្ចរិត ដែលព្រះលោកហាម ខំបង្ហូរឈាម
    ឬស៊ីសំណូក
១១- ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក
  ច្របល់នឹងពួក ធ្លាប់ស៊ីសំណូក សូមរំដោះយក
    រូបខ្ញុំនេះផង
១២- រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់
  ទូលបង្គំនឹងលើក តម្កើងព្រះអង្គ ឱ្យខ្ពស់ឧត្តុង
    ក្នុងប្រជុំធំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!

ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។

សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។

សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។

ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។

ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៩,១១.១៣)

យើង​ស្គាល់​ច្បាស់​នូវ​គម្រោងការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្តល់​សេចក្ដីសុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្តល់​សេចក្ដីសង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣០,១៨ក)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្តារ​ពូជពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត‌អាសូរ​ក្រុម​គ្រួសារ​របស់​គេ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បារ ៣,៥-៦ក)

សូម​ព្រះ‌អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច‌រិតនៃ​ដូន‌តា​របស់​យើង​ខ្ញុំ​ឡើយ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ‌បារមី និង​ពី​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! មានតែព្រះអង្គទេ ដែលសង្រ្គោះមនុស្សលោក ឱ្យរួចផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
សូមព្រះអង្គមេត្តាសម្តែងឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ មកប្រែចិត្តគំនិតរបស់យើងខ្ញុំ ឱ្យកាន់កិរិយាមារយាទល្អត្រឹមត្រូវបរិសុទ្ធ និងបានគាប់ព្រះហឫទ័យព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!