០៤ ធ្នូ ២០២៥

Written on 25/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃព្រហស្បតិ៍

(ពេលថ្ងៃ)

ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៧-២៤

(ពេលព្រឹក ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

(ពេលថ្ងៃត្រង់ ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

(ពេលរសៀល ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

១៧ សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ
នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨
សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញ
ភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
១៩
ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ
សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។
២០
ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។
២១
ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។
២២
សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឱ្យមានគេត្មះតិះដៀល
និងមើលងាយទូលបង្គំឡើយ ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
២៣
ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ
ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ
នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
២៤
ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៥

ការទូលសុំលើកលែងទោស និងការសង្រ្គោះ

សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។

(ក)

(បទពាក្យ ៧)

១- ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត ផ្ចង់ទាំងគំនិតឥតរវាត  
  ទៅលើព្រះអង្គមិនឃ្លាងឃ្លាត នឹកហើយគិតទៀតមិនបែកចិត្ត
២- បពិត្រព្រះម្ចាស់ទូលបង្គំ ពេលនេះរូបខ្ញុំផ្ញើជីវិត  
  កុំឱ្យទូលបង្គំត្រូវខកចិត្ត ព្រោះខ្មាំងជុំជិតមានជោគជ័យ
៣- អស់អ្នកសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវបង់ខកចិត្តអ្វី  
  គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ ទើបខកចិត្តក្រៃអ្វីក៏គ្មាន
៤- ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ
៥- សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
៦- ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច
៧- សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច  
  នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចសូមមេត្តា
៨- ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង
៩- ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០- មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១- ឱព្រះអម្ចាស់ប្រណីប្រោស កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់  
  អំពើទុច្ចរិតមានពីមុន សូមក្រាបកាយលន់តួព្រះម្ចាស់
១២- អស់អ្នកគោរពហើយកោតខ្លាច ឫទ្ធីអំណាចបានស្គាល់ច្បាស់  
  ទ្រង់បង្ហាញផ្លូវឥតក្រឡះ ដែលគេត្រូវជ្រើសតាមចិន្តា
១៣- នោះគាត់បានសុខមានមង្គល ឥតមានខ្វាយខ្វល់គ្រប់វេលា  
  ពូជពង្សកូនចៅទាំងអស់គ្នា គ្រងស្រុកទុកជាកេរមរត៌ក
១៤- ព្រះតែងសម្តែងភក្តីភាព អ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ  
  អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។
១៦
សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧
ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។
១៨
សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ
សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩
សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន
គេស្អប់ទូលបង្គំខ្លាំងណាស់។
២០
សូមការពារជីវិត និងរំដោះទូលបង្គំផង!
ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
២១
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ
ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។
២២
ឱព្រះអម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ពេលព្រឹក ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មីក ៥,៣-៤ក)

ស្តេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​នោះ​មាន​អំណាច​ឧត្តុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។ ស្តេច​នោះ​ហើយ​ដែល​ផ្តល់​សេចក្ដីសុខ‌សាន្ត!

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។

(ពេលថ្ងៃត្រង់ ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហក ២,៦.៩)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យផ្ទៃ​មេឃ និង​ផែន‌ដីព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។ សិរី‌រុង​រឿង​របស់​ដំណាក់​ថ្មី​នេះ នឹង​ថ្កុំ‌ថ្កើងជាង​សិរី‌រុង​រឿង​របស់​ដំណាក់កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នាបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

(ពេលរសៀល ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មគ ៣,២០)

រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាចនាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មកដូច​ព្រះ‌អាទិត្យ​រះ​លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នាបាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលជាទីពឹងដ៏មាំមួនការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ និងគាំទ្រយើងខ្ញុំ
ហើយសង្គ្រោះយើងខ្ញុំ នៅពេលខាងមុខនេះ
សូមកុំឲ្យអំពើបាបរបស់យើងខ្ញុំរារាំងផ្លូវព្រះអង្គឡើយ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!