០២ ធ្នូ ២០២៥

Written on 27/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១-៨

ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់

យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់​តាម​វិន័យរបស់ព្រះអង្គ (១យហ ៥,៣)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ
ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់
អ្នកនោះមានសុភមង្គលហើយ!។

អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ
ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!

អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ
គេដើរតាមមាគ៌ារបស់ព្រះអង្គ។

ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។

សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។

ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ
នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។

ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់
ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។

ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ
សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១៣

សំណោករបស់មនុស្សសុចរិត ដែលជឿទុកចិត្តលើព្រះជាម្ចាស់

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យ​បាន​ពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

(បទពុំនោល)

២-
បពិត្រព្រះអម្ចាស់អើយ
តើនៅកន្តើយ
ព្រងើយនឹងខ្ញុំដល់ណា?

ម្តេចនៅតែងាកភក្ត្រា
ចេញពីកាយា
ទូលបង្គំដល់ណាទៀត?
៣-
តើទ្រូងខ្ញុំត្រូវចង្អៀត
កង្វល់ឥតឃ្លាត
ក្នុងចិត្តរហូតដល់ណា?

តើចិត្តខ្ញុំត្រូវខ្លោចផ្សារ
កើតក្តីទុក្ខា
អាត្មាព្រួយដល់អង្កាល់?

តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល
លើខ្ញុំអង្កាល់
ទើបស្រាលនឹងបានល្ហែល្ហើយ?
៤-
ឱព្រះជាអម្ចាស់អើយ
សូមទតហើយឆ្លើយ
ចម្លើយមកទូលបង្គំ ។

សូមមេត្តាប្រោសឱ្យខ្ញុំ
ឃើញពន្លឺចំ
សូមកុំទុកខ្ញុំឱ្យស្លាប់ ។
៥-
ក្រែងខ្មាំងសត្រូវបង្អាប់
ថា “អញសម្លាប់
អញចាប់បានឈ្នះវាហើយ” ។

ពួកសត្រូវឥតកន្តើយ
ត្រេកអរសប្បាយ
ព្រោះតែខ្ញុំបរាជ័យ ។
៦-
ចំពោះរូបខ្ញុំឃ្មៀតខ្មី
ទុកចិត្តហឫទ័យ
ប្រណីរបស់ព្រះអង្គ ។

សូមឱ្យខ្ញុំត្រេកអរផង
ពីព្រោះព្រះអង្គ
បានសង្គ្រោះទូលបង្គំ ។

សូមឱ្យខ្ញុំច្រៀងរងំ
សរសើរឧត្តម
ដល់ខ្ញុំព្រះអង្គប្រណី ។

កោតសរសើរព្រះបិតា
ព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណដ៏វិសុទ្ធ

ដែលព្រះអង្គទ្រង់គង់នៅ
តាំងតែពីដើម
ហើយជាដរាបរៀងទៅ ។

ទំនុកតម្កើងលេខ ១៤

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប!

នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោស​របស់​ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។

 
មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ”
គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។

ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក
ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។

ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត
គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។

តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ?
ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង
ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។

ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។

អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។

សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។
នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ
ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ
ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៥)

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក គឺ​ស្តេច​មួយ​អង្គ​ដ៏​សុចរិត​ កើត​ចេញ​ពីពូជ‌ពង្ស​របស់​ដាវីឌ។ ស្តេច​នោះ​នឹង​គ្រង​រាជ្យប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់‌គ្រង​ស្រុកដោយ​សុចរិត និង​យុត្តិធម៌។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៦)

នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ថ្វាយ​ព្រះ‌នាម​ស្តេច​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៤,១៥-១៦)

យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា !
ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។
សូមព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ហើយប្រទានពរឲ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!