១០ សីហា ២០២៦

Written on 03/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៩ ថ្ងៃចន្ទ

សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៨៩-៩៦

ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់

ខ្ញុំឱ្យវិន័យ​ថ្មីដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក
ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (យហ ១៣,៣៤)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះអម្ចាស់បានប្រទានជ័យជម្នះឱ្យពួកគេ ក្រោយពីបានប្រកួតដ៏ជូរចត់។ គ្មាន​អំណាច​ណា​អាច​យកឈ្នះនឹងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់​បាន​ឡើយ (អាលេលូយ៉ា!)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអម្ចាស់បានប្រទានមកុដនៃភាពដ៏វិសុទ្ធឱ្យពួកគេ ព្រមទាំងប្រទានឱ្យពួកគេមានសិរីរុងរឿងថែមទៀតផង (អាលេលូយ៉ា!)។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពួកគេយក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក (អាលេលូយ៉ា!)។

៨៩ បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ
ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។
៩០
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។
៩១
អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ
តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។
៩២
ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ
ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
៩៣
ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ
ដ្បិតដោយសារច្បាប់ទាំងនេះ
ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៩៤
ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។
៩៥
មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ
តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
៩៦
ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។

ទំនុកតម្កើងលេខ ៧១

ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ! ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំតាំង​ពី​ក្មេង​មក !

ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

បន្ទរទី២ ៖ ទូល‌បង្គំបាន​ផ្ញើជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក !

(ក)

(បទពាក្យ ៧)​

១- បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក ក្រោមម្លប់ជម្រកនៃព្រះអង្គ  
  កុំឱ្យរូបខ្ញុំត្រូវបាត់បង់ ទាំងកិត្តិយសផងអាប់អាសារ
២- ដោយព្រះអង្គមានព្រះហឫទ័យ សុចរិតប្រពៃសូមមេត្តា  
  ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា សង្គ្រោះជីវ៉ាឱ្យបានរស់
៣- សូមព្រះអង្គទៅជាថ្មដា លាក់ពួនអាត្មាខ្ញុំផុតគ្រោះ  
  ទ្រង់សព្វព្រះទ័យប្រណីប្រោស ជីវិតខ្ញុំរស់បានសុខសាន្ត
៤- ឱព្រះជាម្ចាស់សូមរំដោះ ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន  
  រួចផុតពីដៃជនសាមាន្យ មនុស្សទាំងប៉ុន្មានប៉ងយាយី
៥- បពិត្រព្រះជាអម្ចាស់អើយ ទូលបង្គំនេះហើយផ្ញើជីវី  
  ជីវិតលើទ្រង់គ្រប់នាទី សង្ឃឹមតាំងពីនៅក្មេងវ័យ
៦- ទូលបង្គំពឹងផ្អែកលើព្រះអង្គ តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ  
  ព្រះអង្គតែមួយសព្វព្រះទ័យ ដុសខាត់កែច្នៃខ្ញុំឥតឈប់
៧- មនុស្សម្នាជាច្រើនចេះតែនឹក ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់  
  តាមពិតខ្ញុំមានព្រះជាម្លប់ ជីវិតខ្ញុំស្ងប់រៀងរហូត
៨- ទូលបង្គំតែងពោលពាក្យសរសើរ ព្រះគ្មានអ្វីស្មើខ្ពស់បំផុត  
  តម្កើងសិរីទ្រង់រហូត ព្រះតែមួយគត់ទាំងយប់ថ្ងៃ
៩- ឥឡូវនេះខ្ញុំចាស់ជរា ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ  
  មេត្តាកុំបោះបង់ខ្ញុំឡើយ កុំទុកខ្ញុំឱ្យនៅឯកា
១០- ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ គេនៅជួបជុំពោលមុសា  
  អស់អ្នកដែលឃ្លាំចាំប្រហារ គេពិភាក្សាយោបល់គ្នា
១១- គេថាព្រះម្ចាស់លែងអើពើ លែងការពារមើលថែគាំពារ  
  ចូរដេញតាមចាប់គាត់គ្រប់គ្នា ព្រោះគ្មាននរណាជួយគាត់បាន
១២- ឱព្រះជាម្ចាស់អើយសូមកុំ យាងចាកចោលខ្ញុំចេញចាកស្ថាន  
  សូមយាងមកជួយកុំបីខាន ឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣- សូមឱ្យអស់អ្នកដែលប៉ុនប៉ង ប្រហារខ្ញុំបង់ត្រូវអន្តរាយ  
  សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ កិត្តិយសប្រែក្លាយបាត់សូន្យឈឹង
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ទូល‌បង្គំបាន​ផ្ញើជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក !

បន្ទរទី៣ ៖ ឱ​ព្រះជាម្ចាស់​អើយ ! ឥឡូវ​នេះ ទូល‌បង្គំ​ចាស់​ជរាហើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ។

(ខ)

១៤ រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥
ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ
និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។
១៦
បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ
ទូលបង្គំចូលមកក្នុងព្រះដំណាក់
ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧
បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ
តាំងពីក្មេងរហូតមកទល់ពេលនេះ
ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
១៨
ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ
ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ
ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។
១៩
បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន
បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ!
២០
ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ
ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី
ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។
២១
ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង
ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
២២
បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល!
ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង!
២៣
ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ
ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤
ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា
ត្រូវអាប់អោន និងអាម៉ាស់មុខ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះជាម្ចាស់​អើយ ! ឥឡូវ​នេះ ទូល‌បង្គំ​ចាស់​ជរាហើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ។


ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះអម្ចាស់បានប្រទានជ័យជម្នះឱ្យពួកគេ ក្រោយពីបានប្រកួតដ៏ជូរចត់។ គ្មាន​អំណាច​ណា​អាច​យកឈ្នះនឹងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់​បាន​ឡើយ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,១០-១១)

បន្ទាប់​ពី​បងប្អូន​បាន​រងទុក្ខ​លំបាក​មួយរយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ឱ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឱ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឱ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឱ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើឡើយ។ សូម​ឱ្យ​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

បន្ទរ៖ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ បានទុកសេចក្តីសង្ឃឹមរបស់ពួកគេនៅក្នុងព្រះអង្គ (អាលេលូយ៉ា!)។
—ពួកគេនឹងបំពាក់ដោយកម្លាំងរបស់ព្រះអង្គ ដែលមិនអាចកាត់ថ្លៃបាន (អាលេលូយ៉ា!)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអម្ចាស់បានប្រទានមកុដនៃភាពដ៏វិសុទ្ធឱ្យពួកគេ ព្រមទាំងប្រទានឱ្យពួកគេមានសិរីរុងរឿងថែមទៀតផង (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១១,៣៣)

ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឱ្យ។
 
បន្ទរ៖ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ (អាលេលូយ៉ា!)។
—ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ (អាលេលូយ៉ា!)។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពួកគេយក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ៣,១-២ក.៣ខ)

មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់ស្មាន​ថា មនុស្ស​សុចរិត​បាត់​បង់​ជីវិត ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តីសុខ​សាន្ត។
 
បន្ទរ៖ មើលហ្ន៎! ពួកគេនាំគ្នាមកទាំងច្រៀងយ៉ាងសប្បាយ (អាលេលូយ៉ា!)។
—ព្រមទាំងកាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ (អាលេលូយ៉ា!)។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រោសឱ្យសន្តឡូរង់ស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង និងបម្រើព្រះសហគមន៍ដោយចិត្តស្មោះត្រង់ ព្រមទាំងទទួលសិរីរុងរឿងក្នុងនាមជាមរណសាក្សី។ សូមប្រោសឱ្យយើងខ្ញុំចេះស្រឡាញ់អ្វីៗដែលលោកបានស្រឡាញ់ និងប្រព្រឹត្តតាមការប្រៀនប្រដៅរបស់លោក។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!