រដូវធម្មតា សប្តាហ៍ទី១៦ ថ្ងៃសុក្រ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១៦១-១៦៨
អ្នកស្រឡាញ់ធម្មវិន័យបានសេចក្តីសុខសាន្ត
បន្ទរទី១៖ អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ បានសុខសាន្តលើសលប់។
| ១៦១ | ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយគ្មានមូលហេតុ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យទូលបង្គំភ័យខ្លាច។ |
| ១៦២ | ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ដូចអ្នកទទួលជយភណ្ឌដ៏មានតម្លៃលើសលប់ដូច្នោះដែរ។ |
| ១៦៣ | ទូលបង្គំស្អប់ខ្ពើមការកុហក ទូលបង្គំស្រឡាញ់តែធម្មវិន័យរបស់ព្រះអង្គប៉ុណ្ណោះ។ |
| ១៦៤ | ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែការសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១៦៥ | អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គបានសុខសាន្តលើសលប់ គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលបានឡើយ។ |
| ១៦៦ | បពិត្រព្រះអម្ចាស់! ទូលបង្គំរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។ |
| ១៦៧ | ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់ដំបូន្មាននេះពិតមែន។ |
| ១៦៨ | ទូលបង្គំប្រព្រឹត្តតាមច្បាប់ និងតាមដំបូន្មានរបស់ព្រះអង្គ អ្វីៗដែលទូលបង្គំបានធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ បានសុខសាន្តលើសលប់។
ទំនុកតម្កើងលេខ ១៣៣
អំណរសប្បាយ ពេលបងប្អូននៅរស់ជុំគ្នា
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់… (១យហ ៤,៧)។
បន្ទរទី២ ៖ អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ។
(បទពាក្យ ៧)
| ១- | បងប្អូនទាំងអស់ចេះរួមរស់ | ចេះស្រួលចេះស្រុះរស់នឹងគ្នា | |
| គឺល្អប្រពៃឥតគណនា | សប្បាយអស្ចារ្យត្រេកត្រអាល | ។ | |
| ២- | គឺប្រៀបបីដូចជាទឹកអប់ | ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល | |
| មកពុកចង្កាហើយរាលដាល | ចុះមកដោយអាវលោកអរ៉ុន | ។ | |
| ៣- | ប្រៀបបីដូចជាធ្លាក់សន្សើម | ពីហ៊ែម៉ូនភ្នំនិងស៊ីយ៉ូន | |
| ជាកន្លែងព្រះម្ចាស់ប្រទាន | ជីវិតឱ្យមានអស់កល្បកប្ប | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ។
ទំនុកតម្កើងលេខ ១៤០,២-៩.១៣-១៤
ព្រះអង្គជាជម្រករបស់ទូលបង្គំ
“ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបហើយ” (មថ ២៦,៤៥)។
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់!។
| ២ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ។ |
| ៣ | អ្នកទាំងនោះ គិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ! |
| ៤ | អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិសពុល ដូចពស់វែក។ |
| ៥ | ឱព្រះអម្ចាស់អើយ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់! សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ ដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ! |
| ៦ | មនុស្សអួតបំប៉ោងនាំគ្នាបង្កប់ចំរូង និងដាក់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។ |
| ៧ | ខ្ញុំទូលព្រះអម្ចាស់ថា ៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!” ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំទទូចអង្វរ! |
| ៨ | បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ |
| ៩ | ឱព្រះអម្ចាស់អើយ! សូមកុំឱ្យសេចក្តីប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយ ហើយក៏កុំបណ្តោយឱ្យផែនការរបស់គេបានជោគជ័យដែរ។ |
| ១៣ | ខ្ញុំដឹងថា ព្រះអម្ចាស់រកយុត្តិធម៌ឱ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។ |
| ១៤ | ពិតមែនហើយ! មនុស្សសុចរិតនឹងនាំគ្នាលើកតម្កើងព្រះនាមរបស់ព្រះអង្គ មនុស្សសុចរិតនឹងរស់នៅមុខព្រះភក្ត្រព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់!។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,១៧ក.១៩ខ-២១)
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ដ្បិតមានចែងទុកមកថាៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ” ។ ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារឱ្យគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរឱ្យទឹកគេផឹកផង ធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់ពីលើក្បាលរបស់គេ”»។ មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។
—ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមការលើកលែងទោសពីព្រះអង្គសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៣,១៦)
យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។
—ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៤,៩-១១)
ព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាបផង។ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
បន្ទរ៖ ឱព្រះជាម្ចាស់អើយ ព្រះអង្គជាខែលការពារយើងខ្ញុំ។
—សូមព្រះអង្គព្រះសន្ដោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបានសង្គ្រោះចោរដែលកែប្រែចិត្តគំនិតនៅលើឈើឆ្កាង ចេញពីការរងទុក្ខទៅកាន់អំណរសប្បាយក្នុងព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ ! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលទទួលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

