១៧ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៥ ថ្ងៃសុក្រ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ២២

ព្រះជាម្ចាស់សណ្តាប់ឮទុក្ខលំបាករបស់ជនដ៏វិសុទ្ធ

ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំចោល​ដូច្នេះ?» (មថ ២៧,៤៦)។

បន្ទរទី១ ៖ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់‌រក លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ និងរង​ទុក្ខ​វេទនា។

(ក)

ឱព្រះនៃទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ទូលបង្គំស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។

ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ
នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។

ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក
ជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។

បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ
អស់លោកផ្ញើជីវិតលើព្រះអង្គជានិច្ច ព្រះអង្គក៏បានរំដោះអស់លោក។

លោកស្រែកអង្វររកព្រះអង្គ លោកក៏បានរួចពីខ្មាំងសត្រូវ
ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តឡើយ។

រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន
មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។

អស់អ្នកដែលឃើញទូលបង្គំ ចំអកឱ្យទូលបង្គំគ្រប់ៗគ្នា
គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។

គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឱ្យព្រះអង្គរំដោះគាត់ទៅ
បើព្រះអង្គស្រឡាញ់គាត់ ឱ្យព្រះអង្គសង្គ្រោះគាត់ទៅ!” ។
១០
ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសឱ្យទូលបង្គំចេញពីផ្ទៃម្តាយមក
ព្រះអង្គក៏បានផ្ញើទូលបង្គំទៅឱ្យអ្នកម្តាយបំបៅ។
១១
កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន
ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់‌រក លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ និងរង​ទុក្ខ​វេទនា។

បន្ទរទី២ ៖ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំទៅ​ចែក​គ្នា និង​នាំ​គ្នាចាប់ឆ្នោត​យក​អាវ​វែង​របស់​ទូល‌បង្គំ។

(ខ)

(បទកាកគតិ)

១២- ពេលខ្ញុំជួបភ័យ អាសន្នខ្លាំងក្រៃ គ្មានអ្នកដឹងឮ
  មិនមានអ្នកជួយ ផុតភ័យព្រួយព្រឺ សូមទ្រង់ដឹងឮ
    កុំទៅឆ្ងាយខ្ញុំ
១៣- សត្រូវច្រើននាក់ ចោមរោមពួនស្ទាក់ រួមរឹតជិតជុំ
  ប្រៀបបានគោបា ឡោមព័ទ្ធរូបខ្ញុំ ដូចគោមកចោម
    ពីស្រុកបាសាន
  ពួកគេប្រឹងបើក មាត់គេកម្រើក ប្រឆាំងឥតស្រាន្ត
  នឹងទូលបង្គំ ដូចសិង្ហសាមាន្យ បម្រុងហែកប្រាណ
    ស៊ីជាអាហារ
១៥- កម្លាំងខ្ញុំខ្សោយ មិនត្រឡប់ឡើយ ដូចខ្សែជលសា
  ដែលហូរធ្លាក់ទៅ មិនវិលឡើយណា ឆ្អឹងសាច់ផងរ៉ា
    រលេះបាត់អស់
  ទឹកចិត្តក្លាហាន ដែលខ្ញុំធ្លាប់មាន បែរជាហេវខ្សោះ
  បីដូចក្រមួន រលាយរលោះ ឥតមានសល់សោះ
    ព្រោះកម្តៅថ្ងៃ
១៦- បំពង់កស្ងួត ដូចដីប្រេះហួត ស្គមស្គាំងរីងរៃ
  អណ្តាតខ្ញុំស្អិត ដិតជាប់ពេកក្រៃ ទ្រង់ឱ្យខ្ញុំក្ស័យ
    ចូលទៅក្នុងដី
១៧- ពួកឆ្កែព័ទ្ធខ្ញុំ មានជនមួយក្រុម វាមកញាំញី
  ជាជនទុរយស ក្រវែលគ្រប់ទី ទម្លុះជីវី
    ជើងដៃខ្លួនប្រាណ
១៨- រូបខ្ញុំអាចរាប់ ឆ្អឹងជំនីរគ្រប់ មានទាំងប៉ុន្មាន
  សត្រូវទុយ៌ស ចិត្តដូចតិរច្ឆាន សម្លក់រំខាន
    សម្លឹងមកខ្ញុំ
១៩- ពួកគេដោះយក ខោអាវខ្ញុំមក ចែកចាយគ្នាជុំ
  នាំគ្នាចាប់ឆ្នោត យកខោអាវខ្ញុំ ធ្វើដោយមិនសម
    ជាល្បែងសប្បាយ
២០- ឱព្រះម្ចាស់អើយ កុំនៅកន្តើយ ឱ្យខ្ញុំឃ្លាតឆ្ងាយ
  ទ្រង់ជាកម្លាំង គាំទ្ររាងកាយ សូមយាងមកអាយ
    សង្គ្រោះប្រញាប់
២១- សូមដោះលែងខ្ញុំ ឱ្យផុតទុក្ខធំ បានលឿនឆាប់ៗ
  ផុតពីមុខដាវ ដែលគេចាក់កាប់ សូមជួយប្រញាប់
    ពីចង្កូមឆ្កែ
២២- សូមសង្គ្រោះខ្ញុំ ឱ្យផុតទុក្ខធំ ពីមាត់សឹង្ហដែរ
  ឱ្យផុតពីស្នែង សូមជួយបំបែរ ឆ្លើយតបកុំល្ហែ
    មកទូលបង្គំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំទៅ​ចែក​គ្នា និង​នាំ​គ្នាចាប់ឆ្នោត​យក​អាវ​វែង​របស់​ទូល‌បង្គំ។

បន្ទរទី៣ ៖ ប្រជា‌ជាតិ​ទាំង​មូលនឹង​នាំ​គ្នា​ក្រាបថ្វាយ‌បង្គំព្រះ‌អង្គ។

(គ)

២៣ ទូលបង្គំនឹងថ្លែងអំពីព្រះនាមរបស់ព្រះអង្គ ឱ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។
២៤
អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ!
ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់ដែលជាពូជពង្សលោកយ៉ាកុបអើយ!
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២៥
ព្រះអង្គមិនបោះបង់ចោល ឬធ្វើព្រងើយកន្តើយនឹងមនុស្សទុគ៌ត មានទុក្ខវេទនាទេ
ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ
ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្តាប់គេ។
២៦
ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ
ទូលបង្គំលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
២៧
មនុស្សទន់ទាបបរិភោគឆ្អែតស្កប់ស្កល់
អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។
ចូរឱ្យអ្នករាល់គ្នាអាយុយឺនយូរ និងបានសេចក្តីសុខសាន្ត!
២៨
មនុស្សទាំងប៉ុន្មានដែលនៅលើផែនដីទាំងមូល នឹងនឹកឃើញព្រះអម្ចាស់
ហើយនាំគ្នាវិលមករកព្រះអង្គវិញ
ប្រជាជាតិទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
២៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
៣០
ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី
នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
អស់មនុស្សលោកដែលរមែងតែងស្លាប់
ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែរ។
៣១
មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអម្ចាស់
ហើយគេនឹងថ្លែងអំពីព្រះអង្គប្រាប់កូនចៅ។
៣២
គេប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ
អំពីសេចក្តីសុចរិតរបស់ព្រះអង្គ
គឺព្រះអម្ចាស់បានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រជា‌ជាតិ​ទាំង​មូលនឹង​នាំ​គ្នា​ក្រាបថ្វាយ‌បង្គំព្រះ‌អង្គ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១,១៦ខ-១៧)

ដំណឹងល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹង‌ល្អ​នេះ​សម្ដែង​ឱ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឱ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។

បន្ទរ៖ យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ។
—យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅវេលានេះ ព្រះអង្គត្រូវគេនាំយក​ទៅឆ្កាង ឱ្យសោយទិវង្គតលើឈើឆ្កាង សម្រាប់ការសង្គ្រោះពិភព​លោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំទៅរកសេចក្តីសុខសាន្ត និងអំណរសប្បាយ ក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៣,២១-២២ក)

ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​សម្ដែង​ឱ្យ​យើង​ដឹង អំពី​របៀប​ព្រះ‌អង្គប្រោស​មនុស្ស​ឱ្យ​សុចរិត គឺ​ព្រះ‌អង្គ​មិន​គិត​ពី​វិន័យទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការីបាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿលើ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ឱ្យ​សុចរិត គឺ​ព្រះ‌អង្គ​ធ្វើដូច្នេះចំពោះ​អស់​អ្នក​ដែល​ជឿ។

បន្ទរ៖ វិន័យរបស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។
—ព្រះ‌បណ្ដាំ​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើឱ្យ​មនុស្ស​ល្ងិតល្ងង់​បែរទៅ​ជា​មាន​ប្រាជ្ញា។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,៨-៩)

ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្តោស ដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។

បន្ទរ៖ មនុស្ស​នៅ​លើ​ផែនដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ។
—ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំងឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះរបស់ព្រះ‌អង្គ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិត ចេញពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅ​ក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងត​រៀងទៅ។ អាម៉ែន!


-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!