រដូវធម្មតា សប្ដាហ៍ទី១៥ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៨៩-៩៦
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក
ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ (យហ ១៣,៣៤)។
បន្ទរទី១ ៖ ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
| ៨៩ | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។ |
| ៩០ | ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។ |
| ៩១ | អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។ |
| ៩២ | ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ |
| ៩៣ | ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។ |
| ៩៤ | ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។ |
| ៩៥ | មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ |
| ៩៦ | ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
ទំនុកតម្កើងលេខ ៧១
ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំតាំងពីក្មេងមក !
ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
បន្ទរទី២ ៖ ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក !
(ក)
(បទពាក្យ ៧)
| ១- | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកិត្តិយសផងអាប់អាសារ | ។ | |
| ២- | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតប្រពៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
| ៣- | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
| ៤- | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
| រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ | |
| ៥- | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
| ៦- | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
| ៧- | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
| តាមពិតខ្ញុំមានព្រះជាម្លប់ | ជីវិតខ្ញុំស្ងប់រៀងរហូត | ។ | |
| ៨- | ទូលបង្គំតែងពោលពាក្យសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
| តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
| ៩- | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
| មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ | |
| ១០- | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
| អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ | |
| ១១- | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
| ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ | |
| ១២- | ឱព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
| សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ | |
| ១៣- | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
| សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក !
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! ឥឡូវនេះ ទូលបង្គំចាស់ជរាហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ។
(ខ)
| ១៤ | រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត! |
| ១៥ | ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។ |
| ១៦ | បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ ទូលបង្គំចូលមកក្នុងព្រះដំណាក់ ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ |
| ១៧ | បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ |
| ១៨ | ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។ |
| ១៩ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ! |
| ២០ | ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។ |
| ២១ | ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ |
| ២២ | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល! ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង! |
| ២៣ | ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។ |
| ២៤ | ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់អើយ ! ឥឡូវនេះ ទូលបង្គំចាស់ជរាហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១៣,១១)
បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឱ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។
—ព្រះអង្គសណ្តាប់ឮសម្រែករបស់ពួកគេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៦,២២)
ប៉ុន្ដែ ឥឡូវនេះ បងប្អូនបានរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច។
—ដើម្បីឱ្យប្រជារាស្ដ្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,២១-២២)
ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឱ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្ត្រព្រះអង្គ។
—ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្ដែងភាពវិសុទ្ធរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នក ដែលហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

