២២ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃសុក្រ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ២២

ព្រះជាម្ចាស់សណ្តាប់ឮទុក្ខលំបាករបស់ជនដ៏វិសុទ្ធ

ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំចោល​ដូច្នេះ?» (មថ ២៧,៤៦)។

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

(ក)

ឱព្រះនៃទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ទូលបង្គំស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។

ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ
នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។

ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក
ជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។

បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ
អស់លោកផ្ញើជីវិតលើព្រះអង្គជានិច្ច ព្រះអង្គក៏បានរំដោះអស់លោក។

លោកស្រែកអង្វររកព្រះអង្គ លោកក៏បានរួចពីខ្មាំងសត្រូវ
ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តឡើយ។

រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន
មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។

អស់អ្នកដែលឃើញទូលបង្គំ ចំអកឱ្យទូលបង្គំគ្រប់ៗគ្នា
គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។

គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឱ្យព្រះអង្គរំដោះគាត់ទៅ
បើព្រះអង្គស្រឡាញ់គាត់ ឱ្យព្រះអង្គសង្គ្រោះគាត់ទៅ!” ។
១០
ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសឱ្យទូលបង្គំចេញពីផ្ទៃម្តាយមក
ព្រះអង្គក៏បានផ្ញើទូលបង្គំទៅឱ្យអ្នកម្តាយបំបៅ។
១១
កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន
ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទកាកគតិ)

១២- ពេលខ្ញុំជួបភ័យ អាសន្នខ្លាំងក្រៃ គ្មានអ្នកដឹងឮ
  មិនមានអ្នកជួយ ផុតភ័យព្រួយព្រឺ សូមទ្រង់ដឹងឮ
    កុំទៅឆ្ងាយខ្ញុំ
១៣- សត្រូវច្រើននាក់ ចោមរោមពួនស្ទាក់ រួមរឹតជិតជុំ
  ប្រៀបបានគោបា ឡោមព័ទ្ធរូបខ្ញុំ ដូចគោមកចោម
    ពីស្រុកបាសាន
  ពួកគេប្រឹងបើក មាត់គេកម្រើក ប្រឆាំងឥតស្រាន្ត
  នឹងទូលបង្គំ ដូចសិង្ហសាមាន្យ បម្រុងហែកប្រាណ
    ស៊ីជាអាហារ
១៥- កម្លាំងខ្ញុំខ្សោយ មិនត្រឡប់ឡើយ ដូចខ្សែជលសា
  ដែលហូរធ្លាក់ទៅ មិនវិលឡើយណា ឆ្អឹងសាច់ផងរ៉ា
    រលេះបាត់អស់
  ទឹកចិត្តក្លាហាន ដែលខ្ញុំធ្លាប់មាន បែរជាហេវខ្សោះ
  បីដូចក្រមួន រលាយរលោះ ឥតមានសល់សោះ
    ព្រោះកម្តៅថ្ងៃ
១៦- បំពង់កស្ងួត ដូចដីប្រេះហួត ស្គមស្គាំងរីងរៃ
  អណ្តាតខ្ញុំស្អិត ដិតជាប់ពេកក្រៃ ទ្រង់ឱ្យខ្ញុំក្ស័យ
    ចូលទៅក្នុងដី
១៧- ពួកឆ្កែព័ទ្ធខ្ញុំ មានជនមួយក្រុម វាមកញាំញី
  ជាជនទុរយស ក្រវែលគ្រប់ទី ទម្លុះជីវី
    ជើងដៃខ្លួនប្រ្រាណ
១៨- រូបខ្ញុំអាចរាប់ ឆ្អឹងជំនីរគ្រប់ មានទាំងប៉ុន្មាន
  សត្រូវទុយ៌ស ចិត្តដូចតិរច្ឆាន សម្លក់រំខាន
    សម្លឹងមកខ្ញុំ
១៩- ពួកគេដោះយក ខោអាវខ្ញុំមក ចែកចាយគ្នាជុំ
  នាំគ្នាចាប់ឆ្នោត យកខោអាវខ្ញុំ ធ្វើដោយមិនសម
    ជាល្បែងសប្បាយ
២០- ឱព្រះម្ចាស់អើយ កុំនៅកន្តើយ ឱ្យខ្ញុំឃ្លាតឆ្ងាយ
  ទ្រង់ជាកម្លាំង គាំទ្ររាងកាយ សូមយាងមកអាយ
    សង្គ្រោះប្រញាប់
២១- សូមដោះលែងខ្ញុំ ឱ្យផុតទុក្ខធំ បានលឿនឆាប់ៗ
  ផុតពីមុខដាវ ដែលគេចាក់កាប់ សូមជួយប្រញាប់
    ពីចង្កូមឆ្កែ
២២- សូមសង្គ្រោះខ្ញុំ ឱ្យផុតទុក្ខធំ ពីមាត់សឹង្ហដែរ
  ឱ្យផុតពីស្នែង សូមជួយបំបែរ ឆ្លើយតបកុំល្ហែ
    មកទូលបង្គំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

(គ)

២៣ ទូលបង្គំនឹងថ្លែងអំពីព្រះនាមរបស់ព្រះអង្គ ឱ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងលើតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។
២៤
អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ!
ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់ដែលជាពូជពង្សលោកយ៉ាកុបអើយ!
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២៥
ព្រះអង្គមិនបោះបង់ចោល ឬធ្វើព្រងើយកន្តើយនឹងមនុស្សទុគ៌ត មានទុក្ខវេទនាទេ
ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ
ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្តាប់គេ។
២៦
ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ
ទូលបង្គំលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
២៧
មនុស្សទន់ទាបបរិភោគឆ្អែតស្កប់ស្កល់
អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។
ចូរឱ្យអ្នករាល់គ្នាអាយុយឺនយូរ និងបានសេចក្តីសុខសាន្ត!
២៨
មនុស្សទាំងប៉ុន្មានដែលនៅលើផែនដីទាំងមូល នឹងនឹកឃើញព្រះអម្ចាស់
ហើយនាំគ្នាវិលមករកព្រះអង្គវិញ
ប្រជាជាតិទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
២៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
៣០
ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី
នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
អស់មនុស្សលោកដែលរមែងតែងស្លាប់
ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែរ។
៣១
មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអម្ចាស់
ហើយគេនឹងថ្លែងអំពីព្រះអង្គប្រាប់កូនចៅ។
៣២
គេប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ
អំពីសេចក្តីសុចរិតរបស់ព្រះអង្គ
គឺព្រះអម្ចាស់បានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ២,៣២.៣៦)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឱ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ហេតុ​នេះ សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូនេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ដហើយ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៣,២៧-២៨)

បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ឱ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ព្រះ‌គ្រីស្ត​នៅ​ជាប់​ជា​មួយ​ដែរ។ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង‌ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៥,៧-៨)

សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឱ្យ​បរិសុទ្ធផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រីស្ត​ធ្វើជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លងរួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានចាត់ព្រះវិញ្ញាណព្រះអង្គឱ្យមកយើង ហើយព្រះអង្គបានបើកផ្លូវឱ្យយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច។ សូមឱ្យការចែករំលែកព្រះអំណោយទានទាំងនេះ បង្កើនសេចក្តីស្រឡាញ់របស់យើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែរឹងមាំឡើង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !