១៧ ឧសភា ២០២៦

Written on 10/02/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ

(បុណ្យឱឡារិក)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៨

ចម្រៀងនៃភាពរីករាយក្នុងការសង្រ្គោះ

ព្រះអង្គហ្នឹងហើយជា​ “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល​ បាន​ត្រឡប់​មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ បពិត្រ​ព្រះ‌អម្ចាស់ ! ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអម្ចាស់បានយាងពីស្ថានដ៏ខ្ពស់ចុះមក ហើយព្រះអង្គក៏យាងត្រឡប់ទៅកាន់ទីដ៏ខ្ពស់ទាំងនោះវិញដែរ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ នៅ​ពេល​ដែល​ព្រះ‌អង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។

ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?

ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។

ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។

ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)​

១០- ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ  
  តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១- គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ  
  តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២- វាមកឡោមព័ទ្ធខ្ញុំជុំជិត ដូចជាហ្វូងឃ្មុំច្រើនដាសដី  
  តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣- ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤- ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥- មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្ដែងចេស្តាអានុភាព
១៦- ព្រះអង្គសម្ដែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧- ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨- ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(គ)

១៩ ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឱ្យខ្ញុំ
ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
២០
នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២
ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣
ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤
ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែរជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ បពិត្រ​ព្រះ‌អម្ចាស់ ! ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១,១៧-១៨)

ខ្ញុំឃើញបុត្រមនុស្សពោលមកកាន់ខ្ញុំថា ៖ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើស្ថាន​មច្ចុរាជ។

បន្ទរ៖ កុំ​រន្ធត់​ចិត្ត​ធ្វើអ្វី អាលេលូយ៉ា!
—ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអម្ចាស់បានយាងពីស្ថានដ៏ខ្ពស់ចុះមក ហើយព្រះអង្គក៏យាងត្រឡប់ទៅកាន់ទីដ៏ខ្ពស់ទាំងនោះវិញដែរ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)

យើង​មាន​មហា​បូជា‌ចារ្យមួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ និង​ក្នុង​ព្រះ‌ពន្លាដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឱ្យ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា។

បន្ទរ៖ ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!
—ព្រះ‌គ្រីស្តបាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ នៅ​ពេល​ដែល​ព្រះ‌អង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១-២

ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដី​នេះ​ឡើយ។

បន្ទរ៖ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា អាលេលូយ៉ា!
—ចូរច្រៀងកោតសរសើរព្រះអង្គ អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! នៅថ្ងៃនេះ យើងខ្ញុំមានអំណរសប្បាយ ដោយព្រះគ្រីស្តជាព្រះសង្រ្គោះយាងឡើងស្ថានបរមសុខ ដើម្បីរៀបចំកន្លែងឱ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំរស់នៅក្នុងលោកនេះ ដោយភ្ជាប់ចិត្តឯស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!