០៦ ឧសភា​ ២០២៦

Written on 29/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃពុធ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៩-១៦

វិន័យរបស់ព្រះអម្ចាស់

បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !

តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា
ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០
ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១
ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២
បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣
ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤
ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥
ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦
ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១៧

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំឱ្យរួច​ពី​មនុស្ស​អាក្រក់

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។

(ក)

(បទពាក្យ ៧)

២- ឱព្រះអម្ចាស់សូមសណ្តាប់ ទូលបង្គំប្រាប់សំណូមពរ  
  ដ៏ត្រឹមល្អត្រូវស្រស់បវរ សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
  សូមយកព្រះហឫទ័យវែកញែក និងសូរសម្រែកទូលបង្គំ  
  សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ ដែលអង្វរសុំដោយត្រង់ស្មោះ
៣- សូមរកយុត្តិធម៌ឱ្យខ្ញុំផង កុំបីសៅហ្មងឬបង់បោះ  
  សូមព្រះអង្គទតឱ្យច្បាស់ចុះ អ្វីទៅដែលខុសអ្វីត្រឹមត្រូវ
  ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ ហើយព្រះអង្គត្រាស់ពិនិត្យនូវ  
  ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ មិនឃើញអាស្រូវឬឆ្គាំឆ្គង
៤- ទូលបង្គំខំយកចិត្តទុកដាក់ តាមបន្ទូលជាក់ព្រះអង្គផង  
  ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មង ដូចមនុស្សយង់ឃ្នងឯទៀតឡើយ
៥- ទូលបង្គំខំដើរតាមមាគ៌ា នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ  
  ក៏បោះជំហានដើរតាមក្រោយ ដោយមិនថ្លោះធ្លោយលំអៀងបែរ
៦- ឱព្រះអម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ  
  ហៅរកព្រះម្ចាស់មិនបែកបែរ សូមកុំងាករេផ្ទៀងព្រះកាណ៌
៧- ព្រះអង្គតែងតែសង្គ្រោះអ្នក ដែលមកជ្រកស្នាក់ដោយមេត្តា  
  ក្រោមម្លប់បារមីដ៏អស្ចារ្យ ឱ្យរួចពីការគាបសង្កត់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា

សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។
១០
អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន
១១
ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២
ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី
គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។
១៣
ឱព្រះអម្ចាស់អើយ! សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ
ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។
១៤
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ
ដេញពួកគេចេញពីចំណោមមនុស្សលោក។
សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ
សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។
១៥
ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត
ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក
ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៤,២៤ខ-២៥)

យើង​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ជា‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៥,៥-៦ក)

តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ‌គ្រីស្ត​នេះ​ហើយដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,២៣-២៤)

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានបង្កើតមនុស្សឱ្យមានលក្ខណៈដ៏ប្រសើរដូចព្រះអង្គ។ ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿង ព្រះអង្គក៏បើកផ្លូវឱ្យយើងខ្ញុំស្គាល់ព្រះអង្គដែរ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ និងគោរពថ្វាយបង្គំព្រះអង្គតាមប្រពៃណីរៀងៗខ្លួន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!