២០ មេសា ២០២៦

Written on 23/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃចន្ទ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៨៩-៩៦

ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់

ខ្ញុំឱ្យវិន័យ​ថ្មីដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (យហ ១៣,៣៤)។

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៨៩ បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ
ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។
៩០
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។
៩១
អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ
តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។
៩២
ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ
ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
៩៣
ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ
ដ្បិតដោយសារច្បាប់ទាំងនេះ
ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៩៤
ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។
៩៥
មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ
តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
៩៦
ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧១

ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ! ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំតាំង​ពី​ក្មេង​មក !

ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

(ក)

(បទពាក្យ ៧)​

១- បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក ក្រោមម្លប់ជម្រកនៃព្រះអង្គ  
  កុំឱ្យរូបខ្ញុំត្រូវបាត់បង់ ទាំងកិត្តិយសផងអាប់អាសារ
២- ដោយព្រះអង្គមានព្រះហឫទ័យ សុចរិតប្រពៃសូមមេត្តា  
  ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា សង្គ្រោះជីវ៉ាឱ្យបានរស់
៣- សូមព្រះអង្គទៅជាថ្មដា លាក់ពួនអាត្មាខ្ញុំផុតគ្រោះ  
  ទ្រង់សព្វព្រះទ័យប្រណីប្រោស ជីវិតខ្ញុំរស់បានសុខសាន្ត
៤- ឱព្រះជាម្ចាស់សូមរំដោះ ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន  
  រួចផុតពីដៃជនសាមាន្យ មនុស្សទាំងប៉ុន្មានប៉ងយាយី
៥- បពិត្រព្រះជាអម្ចាស់អើយ ទូលបង្គំនេះហើយផ្ញើជីវី  
  ជីវិតលើទ្រង់គ្រប់នាទី សង្ឃឹមតាំងពីនៅក្មេងវ័យ
៦- ទូលបង្គំពឹងផ្អែកលើព្រះអង្គ តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ  
  ព្រះអង្គតែមួយសព្វព្រះទ័យ ដុសខាត់កែច្នៃខ្ញុំឥតឈប់
៧- មនុស្សម្នាជាច្រើនចេះតែនឹក ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់  
  តាមពិតខ្ញុំមានព្រះជាម្លប់ ជីវិតខ្ញុំស្ងប់រៀងរហូត
៨- ទូលបង្គំតែងពោលពាក្យសរសើរ ព្រះគ្មានអ្វីស្មើខ្ពស់បំផុត  
  តម្កើងសិរីទ្រង់រហូត ព្រះតែមួយគត់ទាំងយប់ថ្ងៃ
៩- ឥឡូវនេះខ្ញុំចាស់ជរា ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ  
  មេត្តាកុំបោះបង់ខ្ញុំឡើយ កុំទុកខ្ញុំឱ្យនៅឯកា
១០- ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ គេនៅជួបជុំពោលមុសា  
  អស់អ្នកដែលឃ្លាំចាំប្រហារ គេពិភាក្សាយោបល់គ្នា
១១- គេថាព្រះម្ចាស់លែងអើពើ លែងការពារមើលថែគាំពារ  
  ចូរដេញតាមចាប់គាត់គ្រប់គ្នា ព្រោះគ្មាននរណាជួយគាត់បាន
១២- ឱព្រះជាម្ចាស់អើយសូមកុំ យាងចាកចោលខ្ញុំចេញចាកស្ថាន  
  សូមយាងមកជួយកុំបីខាន ឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣- សូមឱ្យអស់អ្នកដែលប៉ុនប៉ង ប្រហារខ្ញុំបង់ត្រូវអន្តរាយ  
  សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ កិត្តិយសប្រែក្លាយបាត់សូន្យឈឹង
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៤ រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥
ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ
និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។
១៦
បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ
ទូលបង្គំចូលមកក្នុងព្រះដំណាក់
ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧
បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ
តាំងពីក្មេងរហូតមកទល់ពេលនេះ
ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
១៨
ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ
ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ
ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។
១៩
បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន
បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ!
២០
ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ
ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី
ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។
២១
ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង
ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
២២
បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល!
ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង!
២៣
ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ
ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤
ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា
ត្រូវអាប់អោន និងអាម៉ាស់មុខ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១,១៧-១៨)

ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដីស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ២,៩.១២)

ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រីស្ត។ ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្តឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ២,៨.១១)

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ដែលមានប្រាជ្ញាមកពីព្រះវិញ្ញាណ។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានប្រាជ្ញាវាងវៃ ហ៊ានធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រីស្តក្នុងលោកនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!