១៤ មេសា ២០២៦

Written on 22/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៤៩-៥៦

វិន័យរបស់ព្រះអម្ចាស់

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៤៩
សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ
ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម!
៥០

នៅពេលទូលបង្គំមានទុក្ខវេទនា 
ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៥១

មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។
៥២

បពិត្រព្រះអម្ចាស់! 
ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល
ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។
៥៣

មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ
៥៤

នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
៥៥

បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។
៥៦
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៣

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប

គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។

(បទពាក្យ ៧)

២- មនុស្សលេលានាំគ្នាគិត ថាតាមការពិតគ្មានព្រះទេ  
  គេខំប្រព្រឹត្តមិនកែប្រែ រឿងថោកមិនកែគួរអាម៉ាស់
៣- ព្រះម្ចាស់ទតពីស្ថានលើមក ឃើញមនុស្សលោកមីរដេរដាស  
  ក្រែងលោមានម្នាក់វាងវៃឈ្លាស រវៃរវាសរកព្រះអង្គ
៤- ពួកគេវង្វេងទាំងអស់គ្នា ជាមនុស្សពាលាកាចយង់ឃ្នង  
  រកអ្នកដែលមានចិត្តទៀងត្រង់ សូម្បីម្នាក់ផងក៏មិនបាន
៥- តើអ្នកដែលចូលចិត្តប្រព្រឹត្ត អំពើទុច្ចរិតទាំងប៉ុន្មាន  
  សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ ទើបពួកគេហ៊ានធ្វើច្នោះឬ?
  ជីវិតគេរស់ព្រោះកឹបគៃ លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ
  គេធ្វើមិនដឹងធ្វើមិនឮ មិនដែលព្រួយព្រឺស្រែករកព្រះ
៦- ទោះបីជាគ្មានមូលហេតុអ្វី គួរឱ្យភិតភ័យទាល់តែសោះ  
  ក៏ពួកគេភ័យស្លន់ទាំងអស់ គ្មានដឹងអ្វីសោះជាន់ជើងគ្នា
  ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង ដែលធ្លាប់ប្រឆាំងនឹងប្រជា  
  ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់
៧- សូមព្រះអង្គគង់ក្នុងបុរី ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ  
  ជនជាតិអ៊ីស្រាអែលទាំងនោះ ឱ្យវិលមករស់ក្នុងស្រុកវិញ
  ពូជលោកយ៉ាកុបអរសប្បាយ សំណើចក្អាកក្អាយឥតទោម្នេញ  
  ឯពូជលោកអ៊ីស្រាអែលវិញ អំណរពោរពេញដ៏លើសលប់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ
       

ទំនុកតម្កើងលេខ ៥៤

សូម​រក​យុត្តិធម៌​ឱ្យទូល‌បង្គំផង

ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។

ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ 
ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ!
សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។

ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង

ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ 
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងព្រះជាម្ចាស់ទេ។

ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។

ព្រះ‌អង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំតាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ
ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះត្រង់​របស់​ព្រះ‌អង្គ!

ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។

ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង
ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៤,១១-១២)

ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ។ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,២១-២២ក)

នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក ដែល​សង្គ្រោះ​បង‌ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,១-២)

ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដីនេះ​ឡើយ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាព្រះសហគមន៍ ផ្តល់សក្ខីភាពអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលព្រះអំណោយ ទានតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
 
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!