១៣ មេសា ២០២៦

Written on 21/01/2026
Mary Siya Khim

 រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៤១-៤៨

ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ

បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !

៤១ ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២
សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣
សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។
៤៤
ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
៤៥
ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។
៤៦
ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា
ទូលបង្គំនឹងមិនខ្មាស់ឡើយ។
៤៧
ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។
៤៨
ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់
ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨

ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ

“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។

(ក)

(បទពាក្យ ៧)

២- ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង  
  ស្តាប់សូរសម្រែកមិនលំអៀង ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
៣- ព្រះអង្គយកខ្ញុំពីរណ្តៅ ពីភក់ជ្រាំជ្រៅយកមកដាក់  
  នៅលើថ្មដាគ្មានថ្នាំងថ្នាក់ ថែទាំទុកដាក់ខ្ញុំរុងរឿង
៤- ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង បទថ្មីសំនៀងលើកតម្កើង  
  មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
៥- មនុស្សណាដែលបានផ្ញើជីវិត លើព្រះមានឫទ្ធិដ៏អង់អាច  
  មិនបែរគោរពទៅខ្លបខ្លាច ព្រះមានអំណាចព្រះបោកប្រាស
៦- បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ ព្រះអង្គឧត្តមប្រសើរណាស់  
  ការអស្ចារ្យទ្រង់ច្រើនដេរដាស ជាព្រះសង្គ្រោះមិនបែកបែរ
  ព្រះអង្គក៏មានគម្រោងការ ច្រើនឥតឧបមាឥតងាករេ  
  គ្មាននរណាស្មើព្រះអង្គទេ ការអស្ចារ្យទ្វេរាប់មិនអស់
៧- ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ  
  ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្តាប់ព្រះតំរិះនៃព្រះអង្គ
៨- ដូច្នេះទូលបង្គំសូមពោលថា បពិត្រករុណាដ៏ឧត្តុង្គ  
  ទូលបង្គំប្រព្រឹត្តឥតរេរង់ តាមសេចក្តីក្នុងព្រះគម្ពីរ
៩- ទូលបង្គំពេញចិត្តធ្វើតាម ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី  
  វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១០ ទូល‌បង្គំបាន​ប្រកាស​ឱ្យ​អង្គ​ប្រជុំដ៏​ធំ ដឹង​អំពី​សេចក្ដី​សុចរិត​របស់ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១
ទូល‌បង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ទូល‌បង្គំ​ទាល់​តែ​សោះ
ទូល‌បង្គំតែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំពុំ​អាច​នៅ​ស្ងៀម មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
នៅ​កណ្ដាល​អង្គ​ប្រជុំធំ​បាន​ឡើយ។
១២
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំដឹង​ថា​
ព្រះ‌អង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​ តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំជា‌និច្ច។
១៣
មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើ​ឱ្យ​ទូល‌បង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូល‌បង្គំ​មាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំ​លែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។
១៤
ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៧
រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឱ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ
ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨
ទូល‌បង្គំជា​មនុស្ស​កំសត់​ទុរគត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំអើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !

ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១,១៧-១៨)

ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដីស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ២,៩.១២)

ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រីស្ត។ ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្តឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ២,៨.១១)

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!