០៨ មេសា ២០២៦

Written on 20/01/2026
Mary Siya Khim

ថ្ងៃពុធ សប្តាហ៍បុណ្យចម្លង

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៩-១៦

វិន័យរបស់ព្រះអម្ចាស់

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០
ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១
ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២
បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣
ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤
ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥
ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦
ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

(បទព្រហ្មគីតិ)

១- ឱព្រះអម្ចាស់អើយ ខ្ញុំស្រែកហើយរកព្រះអង្គ  
  ទ្រង់ជាថ្មដាបាំង ការពារឃាំងទូលបង្គំ
  សូមទ្រង់ស្តាប់សម្រែក ដែលខ្ញុំស្រែកស្ទើរទួញយំ  
  បើទ្រង់នៅសំងំ នោះរូបខ្ញុំធ្លាប់មរណា
២- ពេលខ្ញុំដង្ហោយហៅ លើកដៃទៅទីសក្ការ  
  គ្រប់ពេលតែងវាចា សូមមេត្តាសណ្តាប់ផង
៣- កុំឲ្យខ្ញុំមានទោស ដូចកំហុសពួកយង់ឃ្នង  
  គេរាក់ទាក់ឥតឆ្គង តែបំណងមានកលល្បិច
៦- សូមនាំគ្នាលើកឡើង ជួយតម្កើងព្រះថ្កើងថ្កាន  
  ដ្បិតព្រះអម្ចាស់បាន ព្រះសណ្តាប់ពាក្យផងខ្ញុំ
៧- ព្រះម្ចាស់ជាបន្ទាយ កំពែងរាយខែលព័ទ្ធជុំ  
  ការពារសង្គ្រោះខ្ញុំ ទូលបង្គំគួរទុកចិត្ត
  ខ្ញុំរីករាយសប្បាយ លែងខ្វល់ខ្វាយឈប់ភ័យភិត  
  សរសើរព្រះម្ចាស់ពិត ដោយមានបទច្រៀងតម្កើង
៨- ព្រះម្ចាស់ជាកម្លាំង ការពារពាំងរាស្រ្តព្រះអង្គ  
  ទ្រង់ជាកំពែងផង សម្រាប់់សង្គ្រោះព្រះគ្រីស្ត
៩- ឱព្រះជាអម្ចាស់ សូមសង្គ្រោះប្រជារាស្រ្ត  
  ទ្រង់ជាគង្វាលឈ្លាស រវៃរវាសថែទាំគេ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

ទំនុកតម្កើងលេខ ១១៦,១០-១៩

១០ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល
ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១
ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២
តើខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣
ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤
ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥
ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ
ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់។
១៧
ទូលបង្គំ​សូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨
ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩
គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេ‌លូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៤,២៤ខ-២៥)

យើង​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ជា‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៥,៥-៦ក)

តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ‌គ្រីស្ត​នេះ​ហើយដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,២៣-២៤)

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គប្រទានសុភមង្គលមកយើងខ្ញុំ តាមរយៈបុណ្យចម្លងជារៀងរាល់ឆ្នាំ។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឲ្យរស់នៅដោយសុចរិត និងមានអំណរសប្បាយអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!