ថ្ងៃអង្គារ សប្តាហ៍បុណ្យចម្លង
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១-៨
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ (១យហ ៥,៣)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
| ១ | អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ |
| ២ | អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! |
| ៣ | អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ |
| ៤ | ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ |
| ៥ | សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។ |
| ៦ | ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។ |
| ៧ | ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។ |
| ៨ | ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៦
បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ
ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ
ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ (កក ២,២៤)។
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
| ២- | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
| ៣- | អារុក្ខអារក្សអ្នកតាព្រៃ | ម្ចាស់ទឹកម្ចាស់ដីកាលពីមុន | |
| ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ | ផ្តល់តែទារុណរាល់វេលា | ។ | |
| ៤- | ទូលបង្គំនឹងមិនចូលរួម | មិនទទួលព្រមរួមជាគ្នា | |
| គោរពនិងថ្វាយយញ្ញបូជា | មិនពោលនាមាព្រះក្លែងក្លាយ | ។ | |
| ៥- | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
| ៦- | ព្រះអង្គប្រទានកេរមត៌ក | វិសេសឥតអាក់ដ៏ថ្លៃថ្លា | |
| មកទូលបង្គំខ្ញុំនេះណា | ជាកេរអស្ចារ្យប្រសើរផុត | ។ | |
| ៧- | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
| ៨- | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
| ៩- | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
| ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
| ១០- | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
| ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
| ១១- | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គនៅគង់ជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ២៣
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។
| ១ | ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។ |
| ៣ | ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ |
| ៤ | ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។ |
| ៥ | ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។ |
| ៦ | ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,១-២)
ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៣,២១-២២ក)
នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៤,១១-១២)
ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឲ្យយើងខ្ញុំជាសះស្បើយ នៅពេលបុណ្យចម្លងនេះ ដោយចាក់បង្ហូរព្រះពរ និងព្រះអំណោយទាន គឺជីវិតថ្មីដល់យើងខ្ញុំ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំមានសេរីភាពពេញទី ដើម្បីឲ្យថៃ្ងណាមួយយើងខ្ញុំមានអំណរយ៉ាងពេញលេញ ចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

