០៤ មេសា ២០២៦ (ម៉ោង៣រសៀល)

Written on 19/01/2026
Mary Siya Khim

ថ្ងៃសៅរ៍ពិសិដ្ឋ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៦

សេចក្តីសង្ឃឹមលើព្រះជាម្ចាស់

បង‌ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង‌ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ (២ករ ១,៧)។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គគង់នៅទីនោះក្នុងសេចក្តីសុខសាន្ត។

ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នកដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។

យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស
ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា:
«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។

ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។

ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​ប្រទាន​ឲ្យយើង​ខ្ញុំ​បាន​ចម្រុង​ចម្រើន​ឡើង​វិញ
ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងមាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក
អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។

អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១២៧ (១២៦)

ប្រសិនបើគ្មានព្រះជាម្ចាស់ ការងារដែលយើងប្រឹងធ្វើ គឺគ្មានតម្លៃអ្វីទាំងអស់

បង‌ប្អូន​ជា​ដំណាក់​ដែល​ព្រះ‌អង្គ​បាន​សង់ (១ករ ៣,៩)។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឲ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងអត់អសារ
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់កាយា តែឥតបានការផលចំណេញ
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិន្ទ្រា
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២៨

សុភមង្គល​របស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)។

អ្នក​ណា​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់
ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ !

អ្នក​នឹង​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន

នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើមទំពាំង‌បាយ‌ជូរ
ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ
កូន​ប្រុសៗ​របស់​អ្នកក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។

អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។

សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក
អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម

អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែលបាន​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គគង់នៅទីនោះក្នុងសេចក្តីសុខសាន្ត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,៨ខ-១០)

ដ្បិត​សេចក្ដីងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺដ៏​ពិត​ប្រាកដ​បាន​ភ្លឺឡើង​ហើយ។ អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដីងងឹត​នៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វីធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។

បន្ទរ៖ ពួកគេបានបញ្ចុះសពព្រះអម្ចាស់ និងបានបិទមាត់ផ្នូរ
—ពួកគេចាត់ចែងទាហានឱ្យទៅយាមផ្នូរនៅទីនោះ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !