២៣ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃអង្គារពិសិដ្ឋ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៤៩-៥៦

វិន័យរបស់ព្រះអម្ចាស់

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

៤៩
សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ
ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម!
៥០

នៅពេលទូលបង្គំមានទុក្ខវេទនា 
ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៥១

មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។
៥២

បពិត្រព្រះអម្ចាស់! 
ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល
ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។
៥៣

មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ
៥៤

នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
៥៥

បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។
៥៦
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៣

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប

គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។

(បទពាក្យ ៧)

២- មនុស្សលេលានាំគ្នាគិត ថាតាមការពិតគ្មានព្រះទេ  
  គេខំប្រព្រឹត្តមិនកែប្រែ រឿងថោកមិនកែគួរអាម៉ាស់ ។
៣- ព្រះម្ចាស់ទតពីស្ថានលើមក ឃើញមនុស្សលោកមីរដេរដាស  
  ក្រែងលោមានម្នាក់វាងវៃឈ្លាស រវៃរវាសរកព្រះអង្គ ។
៤- ពួកគេវង្វេងទាំងអស់គ្នា ជាមនុស្សពាលាកាចយង់ឃ្នង  
  រកអ្នកដែលមានចិត្តទៀងត្រង់ សូម្បីម្នាក់ផងក៏មិនបាន ។
៥- តើអ្នកដែលចូលចិត្តប្រព្រឹត្ត អំពើទុច្ចរិតទាំងប៉ុន្មាន  
  សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ ទើបពួកគេហ៊ានធ្វើច្នោះឬ? ។
  ជីវិតគេរស់ព្រោះកឹបគៃ លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ
  គេធ្វើមិនដឹងធ្វើមិនឮ មិនដែលព្រួយព្រឺស្រែករកព្រះ ។
៦- ទោះបីជាគ្មានមូលហេតុអ្វី គួរឱ្យភិតភ័យទាល់តែសោះ  
  ក៏ពួកគេភ័យស្លន់ទាំងអស់ គ្មានដឹងអ្វីសោះជាន់ជើងគ្នា ។
  ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង ដែលធ្លាប់ប្រឆាំងនឹងប្រជា  
  ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់ ។
៧- សូមព្រះអង្គគង់ក្នុងបុរី ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ  
  ជនជាតិអ៊ីស្រាអែលទាំងនោះ ឱ្យវិលមករស់ក្នុងស្រុកវិញ ។
  ពូជលោកយ៉ាកុបអរសប្បាយ សំណើចក្អាកក្អាយឥតទោម្នេញ  
  ឯពូជលោកអ៊ីស្រាអែលវិញ អំណរពោរពេញដ៏លើសលប់ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។
       

ទំនុកតម្កើងលេខ ៥៤

សូម​រក​យុត្តិធម៌​ឱ្យទូល‌បង្គំផង

ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។

៣
ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ 
ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ!
សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។
៤

ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង
៥

ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ 
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងព្រះជាម្ចាស់ទេ។
៦
ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។
៧

ព្រះ‌អង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំតាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ
ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះត្រង់​របស់​ព្រះ‌អង្គ!
៨

ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។
៩

ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង
ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។
   

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,១៨-១៩)

អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រីស្តសោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។

បន្ទរ៖ ព្រះអង្គសព្វព្រះហឫទ័យប្រគល់ព្រះកាយព្រះអង្គ ទុកជាយញ្ញបូជា
—ព្រះអង្គមិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២២-២៤)

សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្តុតាង​តាម​ប្រាជ្ញា រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្តដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។

បន្ទរ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
—លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៥.២៧ក)

អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លីលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ។

បន្ទរ៖ ចូរយើងគោរពថ្វាយបង្គំព្រះឈើឆ្កាង
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់អត្ថន័យដ៏ជ្រៅបំផុតនៃទុក្ខលំបាករបស់ព្រះយេស៊ូ។ សូមប្រោសឲ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!