២១ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃអាទិត្យ បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២៣

ព្រះអម្ចាស់ជាគង្វាលខ្ញុំ

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

១ ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។
២
ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
៣
ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត
ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
៤
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ
ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។
៥
ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ
នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ
ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។
៦
ព្រះអង្គនឹងប្រទានសុភមង្គល
និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧៦

ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

(ក)

(បទពាក្យ ៧)

២- ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ រូបព្រះអង្គផ្ទាល់នៅយូដា  
  ឯអ៊ីស្រាអែលល្បីអស្ចារ្យ ព្រះនាមនេះណាឮឆ្ងាយក្រៃ ។
៣- ព្រះពន្លាជ័យល្អប៉ប្រឹម យេរូសាឡឹមក្រុងល្បាញល្បី  
  ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ ស្ថិតនៅលើដីក្រុងស៊ីយ៉ូន ។
៤- គឺទីនោះហើយទ្រង់សម្រេច ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ  
  គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន ធ្នូដាវមាំមួនកប់ក្នុងដី ។
៥- បពិត្រព្រះម្ចាស់ដ៏ឧត្តម ព្រះអង្គជិតជុំដោយសិរី  
  រុងរឿងចិញ្ចែងចិញ្ចាចក្រៃ ពេលត្រឡប់វៃមកពីភ្នំ ។
៦- ទ្រង់ដកអាវុធពីអ្នកច្បាំង គេហេវហត់ខ្លាំងស្ទើររលំ  
  ទាហានពូកែដេកសំងំ មិនមកជួបជុំលែងប្រយុទ្ធ ។
៧- ឱព្រះនៃលោកយ៉ាកុបអើយ ទ្រង់គំរាមហើយគេតក់ស្លុត  
  រទេះចំបាំងគាំងរហូត សេះដើរមិនរួចលែងអង់អាច ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

(ខ)

៨ បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
៩
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០
នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
១១
ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២
អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ!
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង!
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣
ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៤,១០-១២)

ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់របស់​ព្រះ‌យេស៊ូជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ដោយ​សារ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែង‌តែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដីស្លាប់​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គនៅ​ក្នុង​រូប​កាយ​យើង ដែល​តែង‌តែ​ស្លាប់។ ដូច្នេះ សេចក្ដីស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។

បន្ទរ៖ ព្រះអង្គសព្វព្រះហឫទ័យប្រគល់ព្រះកាយព្រះអង្គ ទុកជាយញ្ញបូជា
—ព្រះអង្គមិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១៣-១៤)

ចូរ​មាន​ចិត្ត​រីករាយ​ឡើង ព្រោះ​បង‌ប្អូន​រងទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត នោះ​បង‌ប្អូន​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​បង‌ប្អូន។

បន្ទរ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
—លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,១០-១១)

បន្ទាប់​ពី​បងប្អូន​បាន​រងទុក្ខ​លំបាក​មួយរយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ឲ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

បន្ទរ៖ ចូរយើងគោរពថ្វាយបង្គំព្រះឈើឆ្កាង
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហឫទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ហើយសូមប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!