រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃសៅរ៍
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៦៩-១៧៦
សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១៦៩ | ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៧០ | សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។ |
| ១៧១ | សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។ |
| ១៧២ | ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។ |
| ១៧៣ | សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។ |
| ១៧៤ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
| ១៧៥ | សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។ |
| ១៧៦ | ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤៥
ព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះអង្គ
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
(ក)
(បទព្រហ្មគីតិ)
| ២- | ពាក្យខ្ញុំពោលពីរោះ | ដ៏ស្ម័គ្រស្មោះពីដួងចិត្ត | |
| តែងបទថ្វាយមហាក្សត្រ | សូមឱ្យបទដូចកវី | ។ | |
| ៣- | ព្រះអង្គល្អជាងគេ | រកគ្មានទេវោហារស្តី | |
| ព្រះប្រទានពរជ័យ | មានសិរីទាំងអំណាច | ។ | |
| ៤- | វីរបុរសឫទ្ធិ | គន់គាប់ចិត្តសែនអង់អាច | |
| សូមពាក់ព្រះខ័ន្តរាជ្យ | ភ្លឺចិញ្ចាចចិញ្ចែងទៅ | ។ | |
| ៥- | សូមគង់លើរាជរថ | យាងតយុទ្ធនឹងសត្រូវ | |
| ការពារពាំងទុកនូវ | រឿងត្រឹមត្រូវនឹងសុចរិត | ។ | |
| សូមទ្រង់បានជោគជ័យ | ដ៏ថ្លាថ្លៃអស់ពីចិត្ត | ||
| ដោយបារមីមានឫទ្ធិ | ដ៏ប្រណីតនៃព្រះអង្គ | ។ | |
| ៦- | សូមឱ្យព្រួញដ៏មុត | ស្រួចបំផុតជួយតម្រង់ | |
| ឱ្យព្រួញនៃព្រះអង្គ | បាញ់តម្រង់ទ្រូងបច្ចា | ។ | |
| សូមគ្រប់ប្រជាជាតិ | កុំបីឃ្លាតឃ្លាទៅណា | ||
| ឱ្យធ្លាក់ក្រោមបាទា | ព្រះរាជាដ៏មានឫទ្ធិ | ។ | |
| ៧- | រាជាដ៏ខ្ពស់ខ្ពង់ | បល្ល័ង្កទ្រង់នៅស្ថេរស្ថិត | |
| គ្រងរាជ្យមិនរខិត | គង់នៅពិតដោយយុត្តិធម៌ | ។ | |
| ៨- | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីសុចរិតល្អ | |
| អំពើអយុត្តិធម៌ | ទ្រង់មិនគាប់ព្រះហឫទ័យ | ។ | |
| ហេតុនេះព្រះជាម្ចាស់ | ដែលជាព្រះដ៏ប្រពៃ | ||
| ជ្រើសរើសអង្គក្សត្រថ្លៃ | ពីចំណោមមិត្រព្រះអង្គ | ។ | |
| ចាក់ប្រេងអភិសេក | មិនអល់អែកល្អផូរផង់ | ||
| ប្រទានឱ្យព្រះអង្គ | មានសព្វទាំងក្តីសប្បាយ | ។ | |
| ៩- | រាជាគ្រងភូសា | ល្អអស្ចារ្យក្រអូបសាយ | |
| តន្ត្រីប្រគុំថ្វាយ | ក្នុងប្រាសាទភ្លុកដំរី | ។ | |
| ១០- | ស្រីស្នំទាំងប៉ុន្មាន | ស្រស់ភុំផានជាបុត្រី | |
| របស់ស្តេចផែនដី | អង្គក្សត្រីយ៍គង់ខាងស្តាំ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១១ | ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី ! |
| ១២ | សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។ |
| ១៣ | ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។ |
| ១៤ | ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។ |
| ១៥ | គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ |
| ១៦ | ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។ |
| ១៧ | បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។ |
| ១៨ | ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ៣,១៩-២០)
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង! ។ មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៤,២១-២២)
អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រាអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញដ្បិតយើងបានលោះអ្នកហើយ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៦,៧-៨)
សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់ទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ អ្នកណាសាបព្រោះតាមលោកីយ៍ អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផលជាជីវិតអស់កល្បជានិច្ច មកពីព្រះវិញ្ញាណ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាអើយ ! ប្រសិនបើព្រះអង្គមិនប្រោសប្រណីដល់យើងខ្ញុំទេនោះ យើងខ្ញុំពុំអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ សូមព្រះអង្គមេត្តាតម្រង់ចិត្តគំនិតរបស់យើងខ្ញុំឲ្យបែរឆ្ពោះទៅរកព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

