រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអង្គារ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៣៧-១៤៤
ធម្មវិន័យរបស់ព្រះអង្គជាសេចក្តីសុចរិត
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១៣៧ | បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាសុចរិតមែន សេចក្តីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវ! |
| ១៣៨ | ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ |
| ១៣៩ | ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៤០ | ព្រះបន្ទូលសន្យារបស់ព្រះអង្គជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះខ្លាំងណាស់។ |
| ១៤១ | ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង ប៉ុន្តែ ទូលបង្គំមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ។ |
| ១៤២ | សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយធម្មវិន័យរបស់ព្រះអង្គជាសេចក្តីពិត។ |
| ១៤៣ | ទូលបង្គំកើតទុក្ខអន្ទះអន្ទែងតប់ប្រមល់ជាខ្លាំង តែវិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានអំណរ។ |
| ១៤៤ | ដំបូន្មានរបស់ព្រះអង្គសុចរិតអស់កល្បជានិច្ច សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា ដើម្បីឱ្យទូលបង្គំមានជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨៨
ពាក្យអធិដ្ឋានរបស់មនុស្សដែលមានជំងឺធ្ងន់ធ្ងរ
“ឥឡូវនេះ ជាពេលរបស់អស់លោកហើយ
គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចោញអំណាច” (លក ២២,៥៣)។
(ក)
(បទព្រហ្មគីតិ)
| ២- | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
| ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
| ៣- | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
| សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
| ៤- | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
| ខ្លោចផ្សារជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ។ | |
| ៥- | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
| ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
| ៦- | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
| បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
| ៧- | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
| ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
| ៨- | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
| ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ | |
| ៩- | ព្រះអង្គឱ្យអស់អ្នក | ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ | |
| ឆ្ងាយពីទូលបង្គំ | ទាំងស្អប់ខ្ពើមថែមទៀតផង | ។ | |
| ១០- | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
| ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១១ | តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? |
| ១២ | តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ? |
| ១៣ | តើអ្នកដែលនៅក្នុងស្ថានងងឹត អាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន? |
| ១៤ | ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ ទូលបង្គំចូលមកអង្វរចំពោះព្រះភក្រ្តព្រះអង្គតាំងពីព្រឹក។ |
| ១៥ | ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្រ្តពីទូលបង្គំ? |
| ១៦ | ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្ល៉េះ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។ |
| ១៧ | ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។ |
| ១៨ | ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរ ដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។ |
| ១៩ | ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ មានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១៧)
ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំដែលជាប្រជារាស្ដ្ររបស់ព្រះអង្គផង! សូមកុំបណ្តោយឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្តោយឲ្យជាតិសាសន៍ទាំងឡាយពោលថា “តើព្រះរបស់ពួកគេនៅឯណា” ? ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,២៥ខ)
តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះយើងខ្ញុំ និងដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ”» ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,១-២)
ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅលោកយ៉ាកុបឲ្យស្គាល់អំពើបាបរបស់គេផង! រៀងរាល់ថ្ងៃ គេសាកសួរចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តអំពើសុចរិត ឥតបោះបង់វិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេតាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គសង្គ្រោះមនុស្សលោក ដោយសារព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងរដូវសែសិបថ្ងៃនេះ សូមប្រោសឲ្យយើងខ្ញុំហ៊ានប្រកាសដំណឹងល្អដល់មនុស្សលោកថា ព្រះអង្គពិតជាព្រះសង្គ្រោះមែន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

