រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃព្រហស្បតិ៍
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១១៣-១២០
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១១៣ | ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ។ |
| ១១៤ | ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១១៥ | មនុស្សអាក្រក់អើយ! ចូរនាំគ្នាចេញឱ្យឆ្ងាយពីខ្ញុំទៅ! ទុកឱ្យខ្ញុំប្រតិបត្តិតាមធម្មវិន័យនៃព្រះរបស់ខ្ញុំ! |
| ១១៦ | សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត សូមកុំឱ្យសេចក្តីសង្ឃឹមរបស់ទូលបង្គំ ប្រែទៅជាខកចិត្តឡើយ។ |
| ១១៧ | សូមធ្វើជាបង្អែកសម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។ |
| ១១៨ | ព្រះអង្គបោះបង់ចោលអស់អ្នក ដែលវង្វេងចេញឆ្ងាយពីក្រិត្យវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗដែលពួកគេធ្វើ សុទ្ធតែជាការបោកបញ្ឆោត។ |
| ១១៩ | ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសម្រាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។ |
| ១២០ | រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំគោរពកោតខ្លាចសេចក្តីដែលព្រះអង្គបានសម្រេច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧៩,១-៥.៨-១១.១៣
សំណោកក្រុងយេរូសាឡឹម
«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ
អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ (លក ១៩,៤២)។
(បទពាក្យ ៧)
| ១- | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន | |
| វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ | ។ | |
| ២- | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី | |
| សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ | ។ | |
| ៣- | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា | |
| ឈាមរាស្ត្រហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ | ។ | |
| ៤- | អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ | |
| គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ | ។ | |
| ៥- | ឱ ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
| តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
| ៨- | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំតែម្តង | |
| មេត្តាលើកទោសកំហុសឆ្គង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ | |
| ៩- | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
| ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
| ១០- | ហេតុអ្វីបានជាទ្រង់បណ្តោយ | ជាតិផ្សេងៗឱ្យមកពោលថា | |
| តើព្រះគេនោះនៅឯណា | សូមទ្រង់មេត្តាដាក់ទោសចុះ | ។ | |
| ១១- | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮក្រលួចគួរស្រណោះ | |
| សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
| ១៣- | ឯពួកយើងខ្ញុំដែលជារាស្ត្រ | ដូចចៀមទាំងអស់របស់ទ្រង់ | |
| នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកថែទាំចម្ការទំពាំងបាយជូររបស់ព្រះអង្គ!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
| ២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ព្រះអង្គគង់នៅលើពួកខេរូប៊ីម! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
| ៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងមាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
| ៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
| ៥ | បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
| ៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
| ៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
| ៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
| ៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
| ១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
| ១១ | ម្លប់នៃទំពាំងបាយជូរនោះគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
| ១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។ |
| ១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
| ១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
| ១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
| ១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
| ១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
| ១៨ | សូមដាក់ព្រះហស្តលើស្តេច ដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្ស ដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
| ១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
| ២០ | ឱព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,៦-៧)
ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គ ក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នករាល់គ្នា។ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គ មុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយអត់ទោសឲ្យគេ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៣០,២-៣ក)
នៅពេលអ្នកវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងស្តារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,៣៥-៣៦)
ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផលតាមព្រះបន្ទូលសន្យា។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសយើងខ្ញុំឲ្យរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គមេត្តាបំភ្លឺយើងខ្ញុំឲ្យយកចិត្តទុកដាក់រៀបចំចិត្តគំនិតសម្រាប់ពិធីបុណ្យចម្លងនៅពេលខាងមុខនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

