០៨ មីនា ២០២៦

Written on 08/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអាទិត្យ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៨

ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ

ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)

៥- ពេលខ្ញុំមានទុក្ខតប់ប្រមល់                         ខ្ញុំអង្វរដល់ព្រះឥតប្រែ  
  ព្រះម្ចាស់ក៏តបមកវិញដែរ ទ្រង់ថ្នមបំពេរខ្ញុំបានសុខ
៦- បើព្រះអម្ចាស់គង់នឹងខ្ញុំ បាត់អស់ទុក្ខធំចេញពីមុខ  
  លែងភ័យខ្លាចលែងកើតទុក្ខ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន
៧- ព្រះអម្ចាស់គង់នៅជាមួយ ទ្រង់ការពារជួយខ្ញុំសុខសាន្ត  
  ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន រត់ប្រាសចាកស្ថានដូចចិត្តប៉ង
៨- មានសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង  
  លើព្រះម្ចាស់ប្រសើរកន្លង ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ 
៩- មានសង្ឃឹមជ្រកនិងពាក់ពឹង មានជំនឿរឹងមាំទាំទៅ  
  លើព្រះអម្ចាស់ទើបត្រឹមត្រូវ ជាងយើងពឹងទៅលើអ្នកធំ
១០- ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ  
  តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១- គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ  
  តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២- វាមកឡោមព័ទ្ធខ្ញុំជុំជិត ដូចជាហ្វូងឃ្មុំច្រើនដាសដី  
  តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣- ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤- ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥- មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្តែងចេស្តាអានុភាព
១៦- ព្រះអង្គសម្តែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧- ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨- ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩- ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០- ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់  
  អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក
២១- ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២- ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់  
  ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣- ព្រះអង្គសម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់  
  អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព
២៤- ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ កំណត់ទុកច្បាស់ឱ្យយើងឈប់  
  នាំគ្នាសប្បាយកុំនៅជ្រប់ គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(គ)

២៥ ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៤,១.៧)

បង‌ប្អូន​អើយ បង‌ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូថា សូម​ឲ្យ​បង‌ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​វិសុទ្ធ​វិញ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៣០,១៥.១៨)

ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិអ៊ីស្រាអែល​មានព្រះ‌បន្ទូលទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់‌ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់‌ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះ‌អង្គត្រូវ​ប្រណី​សន្ដោសអ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,២៩-៣១)

នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះ‌អង្គ​មិន​ខាន។ នៅ​ពេល​ខាង​មុខ កាល​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះ‌អង្គ​នឹក​ឃើញ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ជា‌និច្ច»។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឲ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏អស្ចារ្យនេះដល់អស់បងប្អូនយើងខ្ញុំ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!