០៤ មីនា ២០២៦

Written on 06/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃពុធ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៥៧-៦៤

ទូល‌បង្គំឥតភ្លេចវិន័យរបស់ព្រះ‌អង្គទេ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

៥៧ បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨
ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ
សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង !
៥៩
ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ
ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
៦០
ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១
មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។
៦២
នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣
ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦៤
បពិត្រព្រះអម្ចាស់!
ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៥,២-១៥.១៧-២៤

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត

ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។

(ក)

(បទពាក្យ ៧)

ឱព្រះជាម្ចាស់អើយសូមមេត្តា សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ  
  ដែលខំអង្វរទទូចសុំ សូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ សូមកុំកន្តើយតបមកវិញ  
  ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ ទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវ មនុស្សពាលកំឡៅចិត្តឫស្យា  
  ឱ្យរូបខ្ញុំរងទុក្ខវេទនា ហើយតាមប្រហារដោយកំហឹង
ទូលបង្គំតក់ស្លុតពន់ពេកក្រៃ ញាប់ញ័រភិតភ័យអស់ព្រលឹង  
  ស្រយង់ស្រយុតនៅមិននឹង ដូចគ្មានព្រលឹងខ្លាចមរណា
ទូលបង្គំរន្ធត់ពន់ពេកក្រៃ ដូចជាមានអ្វីផ្តាច់សង្ខារ  
  ព្រឺព្រួចក្នុងចិត្តឥតឧបមា ដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថា បើខ្ញុំនេះណាប្រែមានស្លាប  
  ខ្ញុំនឹងហោះហើររៀងដរាប រកទីសម្រាប់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ ទៅឯទីនាយសំងំពួន  
  ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ ក្នុងរហោស្ថានស្មសានស្ងាត់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ មិននៅរៀងអាយទៅឱ្យបាត់  
  បើទៅឱ្យឆាប់ល្អពេកក្តាត់ ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០ ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ សូមជួយកុំឱ្យពួកបច្ចា  
  និយាយស្តាប់បានគ្រប់អាត្មា ព្រោះតែពួកវាចិត្តអប្រីយ៍
១១ ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ ទាស់ទែងឥតល្ហែមិនដឹងអី  
  អំពើពាលាកាប់ប្រល័យ សាហាវពេកក្រៃទាំងក្រៅក្នុង
១២ ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម រាល់ថ្ងៃខែឆ្នាំមិនរំលង  
  នៅតាមទីផ្សារតាមភូមិផង ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ ពួកអ្នកដែលតែងជេរតិះដៀល មិនមែនពួកពាលចិត្តឫស្យា  
  បើវាជាពួកធ្លាប់ផ្តន្ទា នោះខ្ញុំពាំងវាជាមិនខាន
១៤ គឺឯងធ្លាប់នៅជាមួយខ្ញុំ ធ្លាប់នៅជួបជុំសែនសុខសាន្ត  
  ជាអ្នកជិតស្និទ្ធឥតរំខាន ជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ
១៥ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា គ្រប់ពេលវេលាមិនទំនាស់  
  ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ វិសុទ្ធពេកណាស់ក្នុងដំណាក់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៧ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។
១៨
ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។
១៩
ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី
ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។
២០
ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក
សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ!
អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
២១
អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់
ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣
ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន
ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។
២៤
ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ!
ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់
សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,៣០ខ-៣២)

ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្តោយ​ឱ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឱ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់-។
 
បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំមាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មីដ៏​រឹងប៉ឹង​មក​ទូល‌បង្គំផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ១,៣ខ-៤ខ)

«ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ កុំ​ធ្វើដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!”។
 
បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៤,២៤ខ)

សូម​ព្រះ‌អង្គ​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុរគត​វិញ ធ្វើ​ដូច្នេះ ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។
 
បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គគាំទ្រព្រះសហគមន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ សូមព្រះអង្គប្រទានពរជ័យឱ្យយើងខ្ញុំតាមសេចក្តីត្រូវការសព្វថ្ងៃនេះ ហើយសូមកែប្រែចិត្តគំនិតយើងខ្ញុំឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!