១៩ កុម្ភៈ ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃសុក្រ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

២៥ ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦
ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។
២៧
សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨
ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩
សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០
ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១
ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២
ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៦

ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ
ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

(បទកាកគតិ)

១- ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម
  សូមរកយុត្តិធម៌ ឱ្យទូលបង្គំ ដែលអស់យើងខ្ញុំ
    ទុកចិត្តព្រះអង្គ ។
២- ឱព្រះអម្ចាស់ សូមស្ទង់ឱ្យច្បាស់ លចិត្តមើលផង
  ពិនិត្យរូបខ្ញុំ ហើយពិសោធល្បង ចិត្តខ្ញុំឥតហ្មង
    ស្មោះស្ម័គ្រជានិច្ច ។
៣- ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច
  ហើយបានធ្វើតាម ឥតមានកែគេច តាមជាប់ជានិច្ច
    មិនគេចបែកបែរ ។
៤- ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ
  ឬពួកខិលខូច ជនអាវ៉ាសែ ពុតត្បុតហូរហែ
    ក៏មិនសេពគប់ ។
៥- ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់
  មិនធ្វើល្ងីល្ងើ អង្គុយរួមរួប ទោះថ្ងៃឬយប់
    នឹងពួកពាលា ។
៦- ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា
  ទូលបង្គំលាងដៃ គឺបញ្ជាក់ថា រូបខ្ញុំគឺជា
    មនុស្សឥតសៅហ្មង ។
៧- ព្រមទាំងបន្លឺ សំឡេងរន្ទឺ អរគុណព្រះអង្គ
  និងរៀបរាប់ពី ការអស្ចារ្យផង របស់ព្រះអង្គ
    មានទាំងប៉ុន្មាន ។
៨- បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត
  របស់ព្រះអង្គ គឺជាទីស្ថាន សិរីថ្កើងថ្កាន
    ព្រះអង្គស្ថិតនៅ ។
៩- សូមកុំទុកឱ្យ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ
  កុំដកជីវិត ទូលបង្គំយកទៅ នឹងពួកឃោរឃៅ
    ធ្លាប់បង្ហូរឈាម ។
១០- ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម
  អំពើទុច្ចរិត ដែលព្រះលោកហាម ខំបង្ហូរឈាម
    ឬស៊ីសំណូក ។
១១- ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក
  ច្របល់នឹងពួក ធ្លាប់ស៊ីសំណូក សូមរំដោះយក
    រូបខ្ញុំនេះផង ។
១២- រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់
  ទូលបង្គំនឹងលើក តម្កើងព្រះអង្គ ឱ្យខ្ពស់ឧត្តុង
    ក្នុងប្រជុំធំ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

១ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!
២
ពេលទូលបង្គំដង្ហោយហៅព្រះអង្គ
ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣
សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។
៦
សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។
៧
ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
៨
ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត
ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,៣)

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែលនៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដីមេត្តា​ករុណា​របស់​យើងចំពោះ​ដាវីឌ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,១២ខ.១៤ក)

ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​មេត្តា​ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,២៧)

រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌បិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រីមេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសឲ្យយើងខ្ញុំរៀបចំខ្លួនសម្រាប់បុណ្យចម្លងខាងមុខនេះ ដើម្បីរំឭកដល់ព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ តាមរយៈការតមខាងផ្លូវកាយ សូមព្រះអង្គមេត្តាជួយឲ្យយើងខ្ញុំបង្កើតផលផ្លែល្អខាងផ្លូវចិត្ត។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!