រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃអាទិត្យ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃភាពរីករាយក្នុងការសង្រ្គោះ
ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
| ៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
| ៧ | ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
| ៨ | ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។ |
| ៩ | ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទពាក្យ ៧)
| ១០ | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
| ១១ | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំបានជ័យ | ។ | |
| ១២ | វាមកឡោមព័ទ្ធខ្ញុំជុំជិត | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
| ១៣ | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៥ | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្ដែងចេស្តាអានុភាព | ។ | |
| ១៦ | ព្រះអង្គសម្ដែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ១៨ | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(គ)
| ១៩ | ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឱ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។ |
| ២០ | នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
| ២១ | ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
| ២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
| ២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
| ២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែរជាក្បួនរហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៤,១.៧)
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឱ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!។ ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឱ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឱ្យយើងវិសុទ្ធវិញ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៣០,១៥.១៨)
ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,២៩-៣១)
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។ នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ អ្នកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតឱ្យមនុស្សលោក និងប្រោសឱ្យគេមានសុភមង្គលយ៉ាងពេញលេញ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យចេះស្រឡាញ់ និងបម្រើព្រះអង្គ ដើម្បីយើងខ្ញុំអាចស្គាល់មាគ៌ាឆ្ពោះទៅកាន់ព្រះអង្គឯស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

