ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យរោយផេះ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៥៣-១៦០
ទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឲ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១៥៣ | សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ។ |
| ១៥៤ | សូមរកយុត្តិធម៌ឱ្យទូលបង្គំ ហើយរំដោះទូលបង្គំឱ្យមានសេរីភាពផង សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
| ១៥៥ | មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកវិន័យរបស់ព្រះអង្គទេ។ |
| ១៥៦ | ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មក។ |
| ១៥៧ | អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។ |
| ១៥៨ | ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។ |
| ១៥៩ | ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ច្បាប់របស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
| ១៦០ | គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ហើយការទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិត នៅស្ថិតស្ថេររហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៨
សេចក្តីសុខសាន្តនៅក្នុងផ្ទះ ជាព្រះអំណោយទានមកពីព្រះអម្ចាស់
«សូមព្រះអម្ចាស់ប្រទានពរឱ្យអ្នក ពីភ្នំស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។
(បទកាកគតិ)
| ១- | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
| ពោរពេញមង្គល | ។ | ||
| ២- | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
| ចម្រើនពេកក្រៃ | ។ | ||
| ៣- | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
| ដូចដើមឈើតូច | ។ | ||
| ៤- | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
| មិនពិបាករក | ។ | ||
| ៥- | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
| ក្នុងជីវិតអ្នក | ។ | ||
| ៦- | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
| ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ | |
| ជួបតែសុខសាន្ត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ១២៩
ប្រជាជនមានទំនុកចិត្តលើព្រះអម្ចាស់ឡើងវិញ ក្រោយពេលមានទុក្ខលំបាក
សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។
| ១ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង- សូមឱ្យជនជាតិអ៊ីស្រាអែលពោលតាមថា- |
| ២ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ |
| ៣ | គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។ |
| ៤ | ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។ |
| ៥ | សូមឱ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ! |
| ៦ | សូមឱ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
| ៧ | សូម្បីគេច្រូតស្មៅនោះ ក៏ក្តាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឱ្យចងជាកណ្ដាប់បានដែរ។ |
| ៨ | សូមកុំឱ្យអស់អ្នកដែលដើរកាត់តាមនោះពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,៦-៧)
ចូរស្វែងរកព្រះអម្ចាស់ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នករាល់គ្នា។ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកព្រះនៃយើងវិញ ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយអត់ទោសឲ្យគេ។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៣០,២-៣ក)
នៅពេលណាអ្នកវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្តារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,៣៥-៣៦)
ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផលតាមព្រះបន្ទូលសន្យា។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ហើយប្រណីសន្តោសដល់យើងខ្ញុំក្នុងពេលបំពេញកិច្ចការនានា ព្រមទាំងជួយយើងខ្ញុំឲ្យសម្រេចកិច្ចការទាំងនោះ តាមព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

