០១ កុម្ភៈ ២០២៦

Written on 22/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃអាទិត្យ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ២៣

គង្វាលដ៏សប្បុរស

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ
ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

បន្ទរទី១ ៖ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្បជានិច្ច។ អាលេលូយ៉ា !

ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។

ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។

ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត
ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។

ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។

ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ
នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ
ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។

ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់​កល្បជានិច្ច។ អាលេលូយ៉ា !

ទំនុកតម្កើងលេខ ៧៦

ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

បន្ទរទី២ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា! ។

(ក)

(បទពាក្យ ៧)

២- ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ រូបព្រះអង្គផ្ទាល់នៅយូដា  
  ឯអ៊ីស្រាអែលល្បីអស្ចារ្យ ព្រះនាមនេះណាឮឆ្ងាយក្រៃ
៣- ព្រះពន្លាជ័យល្អប៉ប្រឹម យេរូសាឡឹមក្រុងល្បាញល្បី  
  ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤- គឺទីនោះហើយទ្រង់សម្រេច ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ  
  គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន ធ្នូដាវមាំមួនកប់ក្នុងដី
៥- បពិត្រព្រះម្ចាស់ដ៏ឧត្តម ព្រះអង្គជិតជុំដោយសិរី  
  រុងរឿងចិញ្ចែងចិញ្ចាចក្រៃ ពេលត្រឡប់វៃមកពីភ្នំ
៦- ទ្រង់ដកអាវុធពីអ្នកច្បាំង គេហេវហត់ខ្លាំងស្ទើររលំ  
  ទាហានពូកែដេកសំងំ មិនមកជួបជុំលែងប្រយុទ្ធ
៧- ឱព្រះនៃលោកយ៉ាកុបអើយ ទ្រង់គំរាមហើយគេតក់ស្លុត  
  រទេះចំបាំងគាំងរហូត សេះដើរមិនរួចលែងអង់អាច
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា! ។

បន្ទរទី៣ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !

(ខ)

ព្រះ‌អង្គ​អើយ ព្រះ‌អង្គគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ
តើនរណាអាចទ្រាំទ្រនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?

ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០
នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដី។
១១
ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២
អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ!
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង!
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣
ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៦,១៩-២០)

បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង‌ប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ដ្បិត​ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង‌ប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បង‌ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ទូលបង្គំអន្ទះ‌អន្ទែង ​ប្រាថ្នា​ចង់​ចូលទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ។
—ទូលបង្គំបន្លឺសំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅអស់​ពី​កម្លាំងកាយ និង​កម្លាំង​ចិត្ត។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ១០,១២)

ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះជាម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហឫទ័យឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឱ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លារបស់ព្រះ‌អង្គ​បាន?
—គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយនិយាយ​តែ​សេចក្ដីពិត ​ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បច ៨,៦ខ-៧ក)

ដ្បិត​សេចក្ដីស្រឡាញ់​មាន​កម្លាំង​ដូចសេចក្ដីស្លាប់ សេចក្ដីស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់ សេចក្ដីស្នេហា​នេះ​ឆាប‌ឆេះ​ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។ មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើងនៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដីស្នេហា​បាន​ដែរ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូល‌បង្គំ!។
—ព្រះអម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូល‌បង្គំ ជា​កម្លាំង​ដែល​សង្គ្រោះ​ទូល‌បង្គំ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមករំដោះយើងខ្ញុំ និងប្រទានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំចេះគោរពស្រឡាញ់ព្រះអង្គអស់ពីដួងចិត្ត និងប្រព្រឹត្តតាមដោយយកចិត្តទុកដាក់ជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!