១៥ មករា ២០២៧

Written on 11/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១ ថ្ងៃសុក្រ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

បន្ទរទី១ ៖ ទូល‌បង្គំសប្បាយ​ចិត្ត​នឹង​ដើរតាម​មាគ៌ា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះអង្គ​ធ្វើឱ្យចិត្ត​ទូលបង្គំបាន​ភ្លឺស្វាង។

២៥ ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦
ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។
២៧
សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨
ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩
សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០
ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១
ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២
ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូល‌បង្គំសប្បាយ​ចិត្ត​នឹង​ដើរតាម​មាគ៌ា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះអង្គ​ធ្វើឱ្យចិត្ត​ទូលបង្គំបាន​ភ្លឺស្វាង។

ទំនុកតម្កើងលេខ ២៦

ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ
ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

បន្ទរទី២ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ !

(បទកាកគតិ)

១- ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម
  សូមរកយុត្តិធម៌ ឱ្យទូលបង្គំ ដែលអស់យើងខ្ញុំ
    ទុកចិត្តព្រះអង្គ ។
២- ឱព្រះអម្ចាស់ សូមស្ទង់ឱ្យច្បាស់ លចិត្តមើលផង
  ពិនិត្យរូបខ្ញុំ ហើយពិសោធល្បង ចិត្តខ្ញុំឥតហ្មង
    ស្មោះស្ម័គ្រជានិច្ច ។
៣- ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច
  ហើយបានធ្វើតាម ឥតមានកែគេច តាមជាប់ជានិច្ច
    មិនគេចបែកបែរ ។
៤- ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ
  ឬពួកខិលខូច ជនអាវ៉ាសែ ពុតត្បុតហូរហែ
    ក៏មិនសេពគប់ ។
៥- ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់
  មិនធ្វើល្ងីល្ងើ អង្គុយរួមរួប ទោះថ្ងៃឬយប់
    នឹងពួកពាលា ។
៦- ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា
  ទូលបង្គំលាងដៃ គឺបញ្ជាក់ថា រូបខ្ញុំគឺជា
    មនុស្សឥតសៅហ្មង ។
៧- ព្រមទាំងបន្លឺ សំឡេងរន្ទឺ អរគុណព្រះអង្គ
  និងរៀបរាប់ពី ការអស្ចារ្យផង របស់ព្រះអង្គ
    មានទាំងប៉ុន្មាន ។
៨- បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត
  របស់ព្រះអង្គ គឺជាទីស្ថាន សិរីថ្កើងថ្កាន
    ព្រះអង្គស្ថិតនៅ ។
៩- សូមកុំទុកឱ្យ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ
  កុំដកជីវិត ទូលបង្គំយកទៅ នឹងពួកឃោរឃៅ
    ធ្លាប់បង្ហូរឈាម ។
១០- ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម
  អំពើទុច្ចរិត ដែលព្រះលោកហាម ខំបង្ហូរឈាម
    ឬស៊ីសំណូក ។
១១- ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក
  ច្របល់នឹងពួក ធ្លាប់ស៊ីសំណូក សូមរំដោះយក
    រូបខ្ញុំនេះផង ។
១២- រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់
  ទូលបង្គំនឹងលើក តម្កើងព្រះអង្គ ឱ្យខ្ពស់ឧត្តុង
    ក្នុងប្រជុំធំ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ !

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

បន្ទរទី៣ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។

១ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!
២
ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣
សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។
៦
សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។
៧
ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
៨
ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,២ខ-៤)

សូមបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មាន ចិត្តថ្លើមតែ​មួយ និងមានឆន្ទៈតែមួយ។​ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោង​ឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗ ថាប្រសើរជាងខ្លួន។​ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិត​ដល់​ប្រយោជន៍អ្នកដទៃវិញ។
 
បន្ទរ ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ‌ត្រង់​ជានិច្ច។
-ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ព្រះបណ្ដាំ​របស់ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត កាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេលអនាគត​ផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ជាកន្លែងដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១៣,៤)

ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះ‌អង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះ‌អង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង‌ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។
 
បន្ទរ៖ ទូល‌បង្គំបាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង។
-សូម​ប្រោស​ឱ្យ​ទូល‌បង្គំ​បាន​រស់ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់លើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយនឹងយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,១២-១៣)

ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បង‌ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឱ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។
 
បន្ទរ៖ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និងអាណិត​អាសូរ។
-ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យមេត្តា‌ករុណា។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិតពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ អាម៉ែន!
 
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!