រដូវធម្មតា សប្ដាហ៍ទី១ ថ្ងៃអង្គារ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១-៨
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន
លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ (១យហ ៥,៣)។
បន្ទរទី១ ៖ អ្នកណាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។
| ១ | អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ |
| ២ | អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! |
| ៣ | អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ |
| ៤ | ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ |
| ៥ | សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។ |
| ៦ | ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។ |
| ៧ | ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។ |
| ៨ | ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នកណាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។
ទំនុកតម្កើងលេខ ១៣
សំណោករបស់មនុស្សសុចរិត ដែលជឿទុកចិត្តលើព្រះជាម្ចាស់
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ
ឱ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។
បន្ទរទី២ ៖ ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
(បទពុំនោល)
| ២- | បពិត្រព្រះអម្ចាស់អើយ | តើនៅកន្តើយ | ព្រងើយនឹងខ្ញុំដល់ណា? |
| ម្តេចនៅតែងាកភក្ត្រា | ចេញពីកាយា | ទូលបង្គំដល់ណាទៀត? | |
| ៣- | តើទ្រូងខ្ញុំត្រូវចង្អៀត | កង្វល់ឥតឃ្លាត | ក្នុងចិត្តរហូតដល់ណា? |
| តើចិត្តខ្ញុំត្រូវខ្លោចផ្សារ | កើតក្តីទុក្ខា | អាត្មាព្រួយដល់អង្កាល់? | |
| តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល | លើខ្ញុំអង្កាល់ | ទើបស្រាលនឹងបានល្ហែល្ហើយ? | |
| ៤- | ឱព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ ។ |
| សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ ។ | |
| ៥- | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា “អញសម្លាប់ | អញចាប់បានឈ្នះវាហើយ” ។ |
| ពួកសត្រូវឥតកន្តើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ ។ | |
| ៦- | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ ។ |
| សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ ។ | |
| សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី ។ | |
| កោតសរសើរព្រះបិតា | ព្រះរាជ្យបុត្រា | និងព្រះវិញ្ញាណដ៏វិសុទ្ធ | |
| ដែលព្រះអង្គទ្រង់គង់នៅ | តាំងតែពីដើម | ហើយជាដរាបរៀងទៅ ។ |
បន្ទរ ៖ ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
ទំនុកតម្កើងលេខ ១៤
ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប!
នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់
ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។
បន្ទរទី៣៖ ព្រះជាម្ចាស់បានបណ្ដោយឱ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
| ១ | មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ” គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ |
| ២ | ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។ |
| ៣ | ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ |
| ៤ | តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។ |
| ៥ | ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។ |
| ៦ | អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។ |
| ៧ | សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។ នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានបណ្ដោយឱ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៧,៧-៨)
ពាក្យអធិដ្ឋាន
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សុភ ៣,១៣-១៥)
ពាក្យអធិដ្ឋាន
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យ៉ូប ៥,១៧-១៨)
ពាក្យអធិដ្ឋាន
-សូមអរព្រះគុណព្រះជាម្ចាស់!

