១១ មករា ២០២៦

Written on 16/10/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់ទទួលពិធីជ្រមុជទឹក

(បុណ្យគោរព)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៨

 

ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ

ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ លោកយ៉ូហានព្យាយាមនិយាយការពារព្រះយេស៊ូថា ៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!» ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅលោកយ៉ូហានថា៖ «ឥឡូវ​នេះ សុំ​ធ្វើសិន​ចុះ ធ្វើដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដីដែល​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក​មក» ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ នេះជាសក្ខីភាពរបស់លោកយ៉ូហាន ៖ ខ្ញុំបានឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)

៥- ពេលខ្ញុំមានទុក្ខតប់ប្រមល់ ខ្ញុំអង្វរដល់ព្រះឥតប្រែ  
  ព្រះម្ចាស់ក៏តបមកវិញដែរ ទ្រង់ថ្នមបំពេរខ្ញុំបានសុខ
៦- បើព្រះអម្ចាស់គង់នឹងខ្ញុំ បាត់អស់ទុក្ខធំចេញពីមុខ  
  លែងភ័យខ្លាចលែងកើតទុក្ខ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន
៧- ព្រះអម្ចាស់គង់នៅជាមួយ ទ្រង់ការពារជួយខ្ញុំសុខសាន្ត  
  ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន រត់ប្រាសចាកស្ថានដូចចិត្តប៉ង
៨- មានសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង  
  លើព្រះម្ចាស់ប្រសើរកន្លង ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ
៩- មានសង្ឃឹមជ្រកនិងពាក់ពឹង មានជំនឿរឹងមាំទាំទៅ  
  លើព្រះអម្ចាស់ទើបត្រឹមត្រូវ ជាងយើងពឹងទៅលើអ្នកធំ
១០- ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ  
  តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១- គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ  
  តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២- វាមកឡោមព័ទ្ធខ្ញុំជុំជិត ដូចជាហ្វូងឃ្មុំច្រើនដាសដី  
  តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣- ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤- ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥- មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្តែងចេស្តាអានុភាព
១៦- ព្រះអង្គសម្តែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧- ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨- ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩- ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០- ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់  
  អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក
២១- ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២- ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់  
  ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣- ព្រះអង្គសម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់  
  អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព
២៤- ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ កំណត់ទុកច្បាស់ឱ្យយើងឈប់  
  នាំគ្នាសប្បាយកុំនៅជ្រប់ គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(គ)

២៥ ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ !
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ លោកយ៉ូហានព្យាយាមនិយាយការពារព្រះយេស៊ូថា ៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!» ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ១១,១-៣)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឱ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឱ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឱ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។
 
បន្ទរ៖ ព្រះអង្គត្រូវតែប្រសើរឡើង។
—ខ្ញុំត្រូវតែថយចុះវិញ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅលោកយ៉ូហានថា៖ «ឥឡូវ​នេះ សុំ​ធ្វើសិន​ចុះ ធ្វើដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដីដែល​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក​មក» ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ៤២,១)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើដែល​យើង​គាំ‌ទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស និង​ជា​ទី​គាប់‌ចិត្ត​របស់​យើង។យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឱ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយស្គាល់​ការ​វិនិច្ឆ័យ។
 
បន្ទរ៖ លោកនេះ​ជា​អ្នកបម្រើដ៏​ជា​ទី​ស្រឡាញ់​របស់​យើង។
—យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ នេះជាសក្ខីភាពរបស់លោកយ៉ូហាន ៖ ខ្ញុំបានឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ៤៩,៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឱ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ឱ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឱ្យ​ធ្វើជា​ពន្លឺ សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។
 
បន្ទរ៖ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ
—ហើយព្រះអង្គនឹងបង្ហាញឱ្យប្រជាជាតិនានា បានឃើញភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!