១០ មករា ២០២៦

Written on 17/10/2026
Mary Siya Khim

ថ្ងៃសៅរ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៨១-៨៨

ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៨១ ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២
ទូល‌បង្គំ​ខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។
៨៣
ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤
តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥
មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦
វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។
៨៧
នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦១

ពាក្យអធិដ្ឋានរបស់ជនភៀសខ្លួន

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។

(បទកាកគតិ)

២- ឱព្រះម្ចាស់អើយ កុំគង់ព្រងើយ សូមព្រះសណ្តាប់
  យកព្រះទ័យទុក ដាក់ហើយត្រង់ត្រាប់ ពាក្យអង្វរគាប់
    ទូលបង្គំផង
៣- ពេលខ្ញុំនៅឆ្ងាយ សន្លឹមអន្លាយ ហាក់អស់កម្លាំង
  ខ្ញុំស្រែកហៅរក ព្រះនាមព្រះអង្គ សូមដឹកនាំខ្ញុំ
    ទៅកាន់ថ្មខ្ពស់
៤- ព្រះអង្គជាទី ជម្រករមណី រឹងមាំឥតមោះ
  ជាប៉មមាំមួន ជាកំពែងខ្ពស់ ព្រះជាអម្ចាស់
    តទល់សត្រូវ
៥- ទូលបង្គំចង់ រស់និត្យនៅក្នុង ពន្លាពេកកូវ
  របស់ព្រះអង្គ រហូតតទៅ ហើយសូមក្រាបនៅ
    ក្រោមម្លប់ព្រះអង្គ
៦- ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ តែងស្តាប់ពាក្យខ្ញុំ
  ព្រះអង្គប្រទាន មកទូលបង្គំ មរតកដ៏ធំ
    បម្រុងទុកឱ្យ
៧- សូមទ្រង់ប្រទាន ព្រះរាជាមាន ជន្មាមិនថយ
  អាយុយឺនយូរ សតវត្សទៅក្រោយ ជាម្លប់ផ្តល់ឱ្យ
    ប្រជាប្រុសស្រី
៨- សូមមហាក្សត្រ គ្រងរាជ្យរហូត ក្រោមភក្ត្រម្ចាស់ថ្លៃ
  រហូតតទៅ ដោយព្រះហឫទ័យ មេត្តាប្រណី
    ករុណាស្មោះស្ម័គ្រ
៩- ខ្ញុំនឹងតម្កើង ព្រះម្ចាស់ខ្ពស់ឡើង រាល់ថ្ងៃឥតអាក់
  ឥតឈប់ឥតឈរ ឱ្យសមនឹងពាក្យ សន្យាលាយល័ក្ខណ៍
    ចំពោះព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ៦៤

ពាក្យអធិដ្ឋានទូលអង្វរប្រឆាំងនឹងខ្មាំងសត្រូវ

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។

សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។

គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច
ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។

ពួកគេលួចប្រហារមនុស្សទៀងត្រង់
គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។

ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!”។

គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!

ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ
ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។

ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស
អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០
មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ
គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១
សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ
សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ២០,៤១-៤២)

កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឱ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្ដែង​ឱ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៤,១១-១២)

ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​ផ្ទាល់។ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដីនឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (មីក ២,១២)

«កូន​ចៅ​យ៉ាកុប​អើយ យើង​នឹង​ប្រមូល​ផ្តុំ​អ្នក​ទាំង​អស់​គ្នា។ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​អើយ យើង​នឹង​ឱ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ និង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។ ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញនៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គមានព្រះហឫទ័យស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដោយប្រោសយើងខ្ញុំឲ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ និងស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !