០៨ មករា ២០២៦

Written on 19/10/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៦៥-៧២

ខ្ញុំរងទុក្ខវេទនាក៏ប្រពៃដែរ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៦៥ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
៦៦
សូម​បង្រៀន​ទូល‌បង្គំឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា
ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​លើ​វិន័យ​របស់​ព្រះ‌អង្គ។
៦៧
ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។
៦៨
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ!
៦៩
មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើតាមច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៧០
អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គ​ណាស់។
៧១
ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូល‌បង្គំអាច​រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
៧២
ចំពោះ​ទូល‌បង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

ទំនុកតម្កើងលេខ ៥៦,២-៧.៩-១៤

ទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់

ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។

(បទព្រហ្មគីតិ)

២- ឱព្រះម្ចាស់ថ្លាថ្លៃ សូមប្រណីហើយមេត្តា  
  មនុស្សច្រើនណាស់ណា វាយប្រហារទូលបង្គំ
៣- ជារៀងរាល់ខែឆ្នាំ សត្រូវចាំចងគំនុំ  
  ដេញវាយប្រហារខ្ញុំ ធ្វើឫកធំមកប្រយុទ្ធ
៤- ឱព្រះជាម្ចាស់អើយ ថ្ងៃនេះហើយខ្ញុំតក់ស្លុត  
  ភ័យខ្លាចញ័ររន្ធត់ ផ្ញើជីវិតលើព្រះអង្គ
៥- ខ្ញុំកោតសរសើរព្រះ បន្ទូលច្បាស់មិនដែលឆ្គង  
  ទុកចិត្តលើព្រះអង្គ ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
៦- ជារៀងរាល់ថ្ងៃខែ គេតែងតែតិះដៀលស្តី  
  ឱរាខ្ញុំរីងរៃ មនុស្សចង្រៃតាមផ្តន្ទា
៧- គេឃ្លាំចាំតាមដាន មិនដែលខានរាល់វេលា  
  រកឱកាសផ្តន្ទា ចង់ប្រហារខ្ញុំឱ្យក្ស័យ
៩- ព្រះអង្គជ្រាបយ៉ាងច្បាស់ ខ្ញុំរងទុក្ខទោសឥតស្បើយ  
  ទ្រង់ជ្រាបមិនកន្តើយ ទឹកភ្នែកខ្ញុំរាល់វេលា
១០- ថ្ងៃខ្ញុំស្រែករកព្រះ ជាអម្ចាស់លើលោកា  
  សត្រូវថយគ្រប់គ្នា ខ្ញុំដឹងថាព្រះជួយខ្ញុំ
១១- ខ្ញុំកោតខ្លាចខ្លាំងណាស់ សន្យាច្បាស់ឥតបន្លំ  
  ព្រះបន្ទូលរងំ ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២- ខ្ញុំទុកចិត្តលើព្រះ ជាអម្ចាស់រៀងរាល់ថ្ងៃ  
  មនុស្សដែលតែងតែក្ស័យ អាចធ្វើអ្វីរូបខ្ញុំបាន?
១៣- ឱព្រះជាម្ចាស់អើយ ពេលនេះហើយមិនហ៊ានខាន  
  ថ្វាយតង្វាយប៉ុន្មាន ដែលខ្ញុំបានពោលបែរបន់
១៤- ដ្បិតទ្រង់បានរំដោះ ខ្ញុំឱ្យរស់រានមានជន្ម  
  ការពារគ្រាអាសន្ន មិនឱ្យមានអ្វីរំខាន
  ឱ្យខ្ញុំបានដើរឆ្ពោះ រកភក្ត្រព្រះដោយសុខសាន្ត  
  ក្រោមពន្លឺថ្កើងថ្កាន បំភ្លឺស្ថានមនុស្សលោក
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

ទំនុកតម្កើងលេខ ៥៧

ពាក្យអធិដ្ឋាននៅពេលកើតទុក្ខព្រួយ

ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។

ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។

ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។

សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ

ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។

ឱព្រះជាម្ចាស់អើយ!
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។
ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។

បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង

ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង!
ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង
១០
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
១២
ឱព្រះជាម្ចាស់អើយ!
សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២,៣-៤)

ប្រជាជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះរបស់​លោក​យ៉ាកុប។ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពីមាគ៌ា​របស់​ព្រះ‌អង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូនហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ ព្រះ‌អង្គ​នឹង​ធ្វើជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា ព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើនឱ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួនមក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើជា​កណ្ដៀវ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើសង្គ្រាម​ដែរ។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៩,១)

ប្រជាជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺមួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នកដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដីនឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦០,៤-៥)

ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗរបស់​អ្នក​មក​ដែរ។ ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរសប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រមក​ឱ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានាក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ដោយសារព្រះបុត្រាដ៏ជាទីស្រឡាញ់ប្រសូតជាមនុស្ស ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គបានបំភ្លឺដល់មនុស្សគ្រប់ជាតិសាសន៍។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលជាពន្លឺមិនចេះរលត់។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!