០៧ មករា ២០២៦

Written on 20/10/2026
Mary Siya Khim

ថ្ងៃពុធ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៥៧-៦៤

ទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៥៧ បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨
ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ
សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង !
៥៩
ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ
ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
៦០
ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១
មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។
៦២
នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣
ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦៤
បពិត្រព្រះអម្ចាស់!
ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៥,២-១៥.១៧-២៤

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត

ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។

(ក)

(បទពាក្យ ៧)

ឱព្រះជាម្ចាស់អើយសូមមេត្តា សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ  
  ដែលខំអង្វរទទូចសុំ សូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ សូមកុំកន្តើយតបមកវិញ  
  ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ ទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវ មនុស្សពាលកំឡៅចិត្តឫស្យា  
  ឱ្យរូបខ្ញុំរងទុក្ខវេទនា ហើយតាមប្រហារដោយកំហឹង
ទូលបង្គំតក់ស្លុតពន់ពេកក្រៃ ញាប់ញ័រភិតភ័យអស់ព្រលឹង  
  ស្រយង់ស្រយុតនៅមិននឹង ដូចគ្មានព្រលឹងខ្លាចមរណា
ទូលបង្គំរន្ធត់ពន់ពេកក្រៃ ដូចជាមានអ្វីផ្តាច់សង្ខារ  
  ព្រឺព្រួចក្នុងចិត្តឥតឧបមា ដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថា បើខ្ញុំនេះណាប្រែមានស្លាប  
  ខ្ញុំនឹងហោះហើររៀងដរាប រកទីសម្រាប់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ ទៅឯទីនាយសំងំពួន  
  ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ ក្នុងរហោស្ថានស្មសានស្ងាត់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ មិននៅរៀងអាយទៅឱ្យបាត់  
  បើទៅឱ្យឆាប់ល្អពេកក្តាត់ ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០ ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ សូមជួយកុំឱ្យពួកបច្ចា  
  និយាយស្តាប់បានគ្រប់អាត្មា ព្រោះតែពួកវាចិត្តអប្រីយ៍
១១ ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ ទាស់ទែងឥតល្ហែមិនដឹងអី  
  អំពើពាលាកាប់ប្រល័យ សាហាវពេកក្រៃទាំងក្រៅក្នុង
១២ ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម រាល់ថ្ងៃខែឆ្នាំមិនរំលង  
  នៅតាមទីផ្សារតាមភូមិផង ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ ពួកអ្នកដែលតែងជេរតិះដៀល មិនមែនពួកពាលចិត្តឫស្យា  
  បើវាជាពួកធ្លាប់ផ្តន្ទា នោះខ្ញុំពាំងវាជាមិនខាន
១៤ គឺឯងធ្លាប់នៅជាមួយខ្ញុំ ធ្លាប់នៅជួបជុំសែនសុខសាន្ត  
  ជាអ្នកជិតស្និទ្ធឥតរំខាន ជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ
១៥ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា គ្រប់ពេលវេលាមិនទំនាស់  
  ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ វិសុទ្ធពេកណាស់ក្នុងដំណាក់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៧ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។
១៨
ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។
១៩
ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី
ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។
២០
ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក
សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ!
អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
២១
អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់
ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣
ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន
ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។
២៤
ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ!
ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់
សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ធម ១,១៥)

ពាក្យ​នេះ​គួរ​ឱ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រីស្តយេស៊ូ​បាន​យាង​មក​ក្នុង​ពិភព‌លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ២១,២៣-២៤)

ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។ ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ្យ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដី នឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,៥)

ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត ហើយ​យក​មក​ជម្រាប​ជូន​បង‌ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដីងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ និងមានព្រះហឫទ័យមេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំបានស្គាល់ព្រះអង្គ ហើយសូមឲ្យប្រជាជាតិនានានៅលើផែនដី បានប្រកបដោយសេចក្តីសុខសាន្ត។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!