០៥ មករា ២០២៧

Written on 21/10/2026
Mary Siya Khim

ថ្ងៃអង្គារ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៤៩-៥៦

វិន័យរបស់ព្រះអម្ចាស់

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

៤៩ សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ
ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម!
៥០
នៅពេលទូលបង្គំមានទុក្ខវេទនា
ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៥១
មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។
៥២
បពិត្រព្រះអម្ចាស់!
ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល
ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។
៥៣
មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ។
៥៤
នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
៥៥
បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។
៥៦
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៣

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប

គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។

(បទពាក្យ ៧)

២- មនុស្សលេលានាំគ្នាគិត ថាតាមការពិតគ្មានព្រះទេ  
  គេខំប្រព្រឹត្តមិនកែប្រែ រឿងថោកមិនកែគួរអាម៉ាស់ ។
៣- ព្រះម្ចាស់ទតពីស្ថានលើមក ឃើញមនុស្សលោកមីរដេរដាស  
  ក្រែងលោមានម្នាក់វាងវៃឈ្លាស រវៃរវាសរកព្រះអង្គ ។
៤- ពួកគេវង្វេងទាំងអស់គ្នា ជាមនុស្សពាលាកាចយង់ឃ្នង  
  រកអ្នកដែលមានចិត្តទៀងត្រង់ សូម្បីម្នាក់ផងក៏មិនបាន ។
៥- តើអ្នកដែលចូលចិត្តប្រព្រឹត្ត អំពើទុច្ចរិតទាំងប៉ុន្មាន  
  សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ ទើបពួកគេហ៊ានធ្វើច្នោះឬ? ។
  ជីវិតគេរស់ព្រោះកឹបគៃ លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ  
  គេធ្វើមិនដឹងធ្វើមិនឮ មិនដែលព្រួយព្រឺស្រែករកព្រះ ។
៦- ទោះបីជាគ្មានមូលហេតុអ្វី គួរឱ្យភិតភ័យទាល់តែសោះ  
  ក៏ពួកគេភ័យស្លន់ទាំងអស់ គ្មានដឹងអ្វីសោះជាន់ជើងគ្នា ។
  ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង ដែលធ្លាប់ប្រឆាំងនឹងប្រជា  
  ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់ ។
៧- សូមព្រះអង្គគង់ក្នុងបុរី ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ  
  ជនជាតិអ៊ីស្រាអែលទាំងនោះ ឱ្យវិលមករស់ក្នុងស្រុកវិញ ។
  ពូជលោកយ៉ាកុបអរសប្បាយ សំណើចក្អាកក្អាយឥតទោម្នេញ  
  ឯពូជលោកអ៊ីស្រាអែលវិញ អំណរពោរពេញដ៏លើសលប់ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

ទំនុកតម្កើងលេខ ៥៤

សូម​រក​យុត្តិធម៌​ឱ្យទូល‌បង្គំផង

ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។

៣ ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ
ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ!
សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។
៤
ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង
៥
ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនអើពើនឹងព្រះជាម្ចាស់ទេ។
៦
ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។
៨
ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។
៩
ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង
ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ
តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៥,១៣)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្តេច​ស៊ីរូស​ឡើងតាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឱ្យ​ស្តេច​នោះ។ ស្តេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឱ្យ​ប្រជាជន​របស់​យើងដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់  (អស ៤៨,២០)

ចូរ​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុង​បាប៊ីឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន​ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេងប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី ឱ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុបជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​មក​វិញ​ហើយ!។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដីនឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦៥,១)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ច តែ​គ្មាន​នរណា​សាក‌សួរ​អ្វី​ពី​យើង​ទេ។ យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួនតែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ‌បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

ឱព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ! ព្រះបុត្រាចាប់កំណើតជាមនុស្ស ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំកែប្រែចិត្តគំនិត និងប្រព្រឹត្តរាល់កិច្ចការ ដើម្បីគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!