០១ មករា ២០២៧

Written on 26/10/2026
Mary Siya Khim

ព្រះនាងម៉ារី ជាមាតាព្រះជាម្ចាស់

(បុណ្យឱឡារិក)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

២៥ ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦
ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។
២៧
សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨
ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩
សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០
ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១
ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២
ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៦

ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ
ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

(បទកាកគតិ)

១- ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម
  សូមរកយុត្តិធម៌ ឱ្យទូលបង្គំ ដែលអស់យើងខ្ញុំ
    ទុកចិត្តព្រះអង្គ ។
២- ឱព្រះអម្ចាស់ សូមស្ទង់ឱ្យច្បាស់ លចិត្តមើលផង
  ពិនិត្យរូបខ្ញុំ ហើយពិសោធល្បង ចិត្តខ្ញុំឥតហ្មង
    ស្មោះស្ម័គ្រជានិច្ច ។
៣- ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច
  ហើយបានធ្វើតាម ឥតមានកែគេច តាមជាប់ជានិច្ច
    មិនគេចបែកបែរ ។
៤- ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ
  ឬពួកខិលខូច ជនអាវ៉ាសែ ពុតត្បុតហូរហែ
    ក៏មិនសេពគប់ ។
៥- ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់
  មិនធ្វើល្ងីល្ងើ អង្គុយរួមរួប ទោះថ្ងៃឬយប់
    នឹងពួកពាលា ។
៦- ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា
  ទូលបង្គំលាងដៃ គឺបញ្ជាក់ថា រូបខ្ញុំគឺជា
    មនុស្សឥតសៅហ្មង ។
៧- ព្រមទាំងបន្លឺ សំឡេងរន្ទឺ អរគុណព្រះអង្គ
  និងរៀបរាប់ពី ការអស្ចារ្យផង របស់ព្រះអង្គ
    មានទាំងប៉ុន្មាន ។
៨- បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត
  របស់ព្រះអង្គ គឺជាទីស្ថាន សិរីថ្កើងថ្កាន
    ព្រះអង្គស្ថិតនៅ ។
៩- សូមកុំទុកឱ្យ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ
  កុំដកជីវិត ទូលបង្គំយកទៅ នឹងពួកឃោរឃៅ
    ធ្លាប់បង្ហូរឈាម ។
១០- ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម
  អំពើទុច្ចរិត ដែលព្រះលោកហាម ខំបង្ហូរឈាម
    ឬស៊ីសំណូក ។
១១- ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក
  ច្របល់នឹងពួក ធ្លាប់ស៊ីសំណូក សូមរំដោះយក
    រូបខ្ញុំនេះផង ។
១២- រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់
  ទូលបង្គំនឹងលើក តម្កើងព្រះអង្គ ឱ្យខ្ពស់ឧត្តុង
    ក្នុងប្រជុំធំ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

ទំនុកតម្កើងលេខ ២៨,១-៣.៦-៩

ការទូលអង្វរ និងពាក្យអរព្រះគុណ

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

១ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!
២
ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣
សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។
៦
សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។
៧
ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
៨
ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!


ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សផ ៣,១៤.១៥ខ)

ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន​ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីករាយ​យ៉ាង​ខ្លាំង! ព្រះអម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃជន​ជាតិអ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។
 
បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងរិះគិតពិចារណាទៀតផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ៩,៩ក)

ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជាជន ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា​ក្សត្រ របស់​អ្នកយាង​មក​រក​អ្នក​ហើយ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គនាំ​ការ​សង្គ្រោះ​មក។
 
បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ភ្នែកទូលបង្គំបានឃើញការសង្រ្គោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បារ ៥,៣-៤)

ដ្បិត​ព្រះ‌ជាម្ចាស់នឹង​បង្ហាញ​ភាព​ថ្កុំ​ថ្កើង​របស់​អ្នក ឱ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល​ឃើញ។ ព្រះ‌ជាម្ចាស់​នឹង​ប្រទានឱ្យ​អ្នក​មាន​ឈ្មោះ​ជាប់​រហូត​ថា «សន្តិ‌ភាព​មក​ពី​សេចក្តី​សុចរិត» និង«សិរី‌រុង​រឿង​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់»។
 
បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឲ្យព្រះនាងព្រហ្មចារិនីម៉ារី បង្កើតព្រះបុត្រាព្រះអង្គ ដើម្បីសង្គ្រោះមនុស្សលោក។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំសមនឹងទទួលព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រាដែលជាប្រភពនៃជីវិតថ្មី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!