១៤ កញ្ញា ២០២៦

Written on 09/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៤ ថ្ងៃចន្ទ

បុណ្យលើកតម្កើងព្រះឈើឆ្កាង

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦

ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់

ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ព្រះអង្គបានសង្រ្គោះលោកសិលានៅលើទឹកសមុទ្រ សូមអាណិតអាសូរយើងខ្ញុំ !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ! នៅលើឈើឆ្កាង ព្រះអង្គបានលោះយើងខ្ញុំ ដោយបង្ហូរព្រះលោហិតរបស់ព្រះអង្គ។ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំស្រែករកការសង្រ្គោះរបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ ! ដោយព្រះអង្គសោយទិវង្គត ទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានស្តារជីវិតសាជាថ្មី។

១២៩ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០
ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១
ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២
សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣
សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤
សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥
សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨២

ការថ្កោលទោសចៅក្រមអាក្រក់

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

(បទពាក្យ ៧)

១- ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ នៃស្ថានបរមសុខពេកក្រៃ  
  ទ្រង់តែងតែយាងមកកាត់ក្តី ក្នុងចំណោមនៃពួកទេវតា
២- ពេលណាទើបអ្នកឈប់កាត់ក្តី ដោយចិត្តអប្រីយ៍ដូច្នេះណា  
  ឱ្យមនុស្សអាក្រក់ចិត្តឫស្យា ឈ្នះគេដល់ទៅពេលណាទៀត
៣- ព្រះម្ចាស់មានព្រះបន្ទូលថា ចូររកយុត្តិធម៌កុំរវាត  
  ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ កូនកំព្រាអត់មានឪម៉ែ
៤- ចូរកុំនៅស្ងៀមចេញរំដោះ អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ  
  ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ ជនអាក្រក់តែងតែធ្វើបាប
៥- តែគេមិនដឹងមិនយល់សោះ ចិត្តគេទុយ៌សជាដរាប  
  អំពើយុត្តិធម៌ក៏សូន្យសាប ដែលទុកសម្រាប់គ្រឹះផែនដី
៦- យើងនឹងប្រកាសថាអស់អ្នក រាល់គ្នាពិតជាក់ជាបុត្រី  
  បុត្រារបស់ម្ចាស់ផែនដី ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧- តែអ្នកត្រូវស្លាប់ដូចមនុស្សលោក ដែលដួលដេកស្តូកពុំអាចរស់  
  ស្លាប់ដូចជាមនុស្សទូទាំងអស់ ដូចអ្នកធំខ្ពស់បាត់តំណែង
៨- ឱព្រះម្ចាស់អើយសូមតើនឡើង វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង  
  ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង ជារាស្ត្រឥតក្លែងនៃព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២០

ការប្រាថ្នាចង់បានសន្តិភាព

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!

អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?

គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!

ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។

ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ព្រះអង្គបានសង្រ្គោះលោកសិលានៅលើទឹកសមុទ្រ សូមអាណិតអាសូរយើងខ្ញុំ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៥,៧-៩)

កាល​ព្រះគ្រីស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺសំឡេង យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែកទូលអង្វរ ទូល​សូម​ព្រះជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះ‌អង្គ​ឱ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រីស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។ ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ។
 
បន្ទរ៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ។
—ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ! នៅលើឈើឆ្កាង ព្រះអង្គបានលោះយើងខ្ញុំ ដោយបង្ហូរព្រះលោហិតរបស់ព្រះអង្គ។ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំស្រែករកការសង្រ្គោះរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,៧-៨)

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។ ព្រះជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។
 
បន្ទរ៖ ចូរឱ្យពិភពលោកទាំងមូលក្រាបថ្វាយបង្គំព្រះអង្គ និងច្រៀងកោតសរសើរព្រះអង្គ។
—ចូរឱ្យអ្នករាល់គ្នាស្មូត​ទំនុកតម្កើង​ថ្វាយព្រះនាមព្រះ‌អង្គ!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ ! ដោយព្រះអង្គសោយទិវង្គត ទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានស្តារជីវិតសាជាថ្មី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,១៨-១៩)

បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឱ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។
 
បន្ទរ៖ ទីសម្គាល់នៃឈើឆ្កាងនេះ នឹងលេចឡើងនៅផ្ទៃមេឃ
—នៅពេលព្រះអម្ចាស់យាងមកវិនិច្ឆ័យទោសយើងខ្ញុំ។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ដូចយើងខ្ញុំបានយល់ពីគម្រោងការដ៏អស្ចារ្យនេះ នៅលើផែនដីយ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលការសង្គ្រោះ ក្នុងស្ថានបរមសុខយ៉ាងនោះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !