រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃព្រហស្បតិ៍
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៥៣-១៦០
ទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ១៥៣ | សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ។ |
| ១៥៤ | សូមរកយុត្តិធម៌ឱ្យទូលបង្គំ ហើយរំដោះទូលបង្គំឱ្យមានសេរីភាពផង សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
| ១៥៥ | មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកវិន័យរបស់ព្រះអង្គទេ។ |
| ១៥៦ | ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មក។ |
| ១៥៧ | អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។ |
| ១៥៨ | ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។ |
| ១៥៩ | ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ច្បាប់របស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
| ១៦០ | គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ហើយការទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិត នៅស្ថិតស្ថេររហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៨
សេចក្តីសុខសាន្តនៅក្នុងផ្ទះ ជាព្រះអំណោយទានមកពីព្រះអម្ចាស់
«សូមព្រះអម្ចាស់ប្រទានពរឱ្យអ្នក ពីភ្នំស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។
(បទកាកគតិ)
| ១- | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
| ពោរពេញមង្គល | ។ | ||
| ២- | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
| ចម្រើនពេកក្រៃ | ។ | ||
| ៣- | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
| ដូចដើមឈើតូច | ។ | ||
| ៤- | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
| មិនពិបាករក | ។ | ||
| ៥- | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
| ក្នុងជីវិតអ្នក | ។ | ||
| ៦- | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
| ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ | |
| ជួបតែសុខសាន្ត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ១២៩
ប្រជាជនមានទំនុកចិត្តលើព្រះអម្ចាស់ឡើងវិញ ក្រោយពេលមានទុក្ខលំបាក
សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។
| ១ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង- សូមឱ្យជនជាតិអ៊ីស្រាអែលពោលតាមថា- |
| ២ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ |
| ៣ | គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។ |
| ៤ | ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។ |
| ៥ | សូមឱ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ! |
| ៦ | សូមឱ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
| ៧ | សូម្បីគេច្រូតស្មៅនោះ ក៏ក្តាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឱ្យចងជាកណ្ដាប់បានដែរ។ |
| ៨ | សូមកុំឱ្យអស់អ្នកដែលដើរកាត់តាមនោះពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២)
នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឱ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ ឱ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឱ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ ឈ្មោះល្បីល្បាញ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,៣)
ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីឱ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១១)
ដីធ្វើឱ្យពន្លក និងគ្រាប់ពូជផ្សេងៗដុះឡើង នៅក្នុងសួនច្បារយ៉ាងណា ព្រះជាអម្ចាស់នឹងធ្វើឱ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

