រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃព្រហស្បតិ៍
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១១៣-១២០
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ១១៣ | ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ។ |
| ១១៤ | ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១១៥ | មនុស្សអាក្រក់អើយ! ចូរនាំគ្នាចេញឱ្យឆ្ងាយពីខ្ញុំទៅ! ទុកឱ្យខ្ញុំប្រតិបត្តិតាមធម្មវិន័យនៃព្រះរបស់ខ្ញុំ! |
| ១១៦ | សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត សូមកុំឱ្យសេចក្តីសង្ឃឹមរបស់ទូលបង្គំ ប្រែទៅជាខកចិត្តឡើយ។ |
| ១១៧ | សូមធ្វើជាបង្អែកសម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។ |
| ១១៨ | ព្រះអង្គបោះបង់ចោលអស់អ្នក ដែលវង្វេងចេញឆ្ងាយពីក្រិត្យវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗដែលពួកគេធ្វើ សុទ្ធតែជាការបោកបញ្ឆោត។ |
| ១១៩ | ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសម្រាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។ |
| ១២០ | រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំគោរពកោតខ្លាចសេចក្តីដែលព្រះអង្គបានសម្រេច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧៩,១-៥.៨-១១.១៣
សំណោកក្រុងយេរូសាឡឹម
«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ (លក ១៩,៤២)។
(បទពាក្យ ៧)
| ១- | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន | |
| វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ | ។ | |
| ២- | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី | |
| សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ | ។ | |
| ៣- | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា | |
| ឈាមរាស្ត្រហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ | ។ | |
| ៤- | អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ | |
| គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ | ។ | |
| ៥- | ឱ ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
| តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
| ៨- | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំតែម្តង | |
| មេត្តាលើកទោសកំហុសឆ្គង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ | |
| ៩- | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
| ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
| ១០- | ហេតុអ្វីបានជាទ្រង់បណ្តោយ | ជាតិផ្សេងៗឱ្យមកពោលថា | |
| តើព្រះគេនោះនៅឯណា | សូមទ្រង់មេត្តាដាក់ទោសចុះ | ។ | |
| ១១- | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮក្រលួចគួរស្រណោះ | |
| សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
| ១៣- | ឯពួកយើងខ្ញុំដែលជារាស្ត្រ | ដូចចៀមទាំងអស់របស់ទ្រង់ | |
| នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកថែទាំចម្ការទំពាំងបាយជូររបស់ព្រះអង្គ!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
| ២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ព្រះអង្គគង់នៅលើពួកខេរូប៊ីម! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
| ៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងមាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
| ៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
| ៥ | បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
| ៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
| ៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
| ៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
| ៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
| ១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
| ១១ | ម្លប់នៃទំពាំងបាយជូរនោះគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
| ១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។ |
| ១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
| ១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
| ១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
| ១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
| ១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
| ១៨ | សូមដាក់ព្រះហស្តលើស្តេច ដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្ស ដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
| ១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
| ២០ | ឱព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៣,១៣-១៤)
ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រីស្ដ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់លោកីយ៍នោះឡើយ។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៣,១២-១៣)
សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឲ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ថស ១,៦-៧.១០)
ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នកដែលធ្វើឲ្យបងប្អូនវេទនា ហើយព្រះអង្គនឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះអម្ចាស់ យេស៊ូលេចចេញពីស្ថានបរមសុខមក ជាមួយពួកទេវទូតដ៏មានឫទ្ធានុភាព។ នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យមានសេរីភាពដ៏ពិតប្រាកដខាងផ្លូវចិត្ត និងតម្រង់ចិត្តគំនិតរបស់យើងខ្ញុំ ដើម្បីរៀបចំខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដែលប្រសូតមកជាមនុស្ស។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់
-សូមអរព្រះគុណព្រះជាម្ចាស់ !

