១២ ធ្នូ ២០២៦

Written on 14/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃសៅរ៍

(ពេលថ្ងៃ)

ថ្ងៃសៅរ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៨១-៨៨

ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

៨១ ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២
ទូល‌បង្គំ​ខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។
៨៣
ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤
តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥
មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦
វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។
៨៧
នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦១

ពាក្យអធិដ្ឋានរបស់ជនភៀសខ្លួន

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។

(បទកាកគតិ)

២- ឱព្រះម្ចាស់អើយ កុំគង់ព្រងើយ សូមព្រះសណ្តាប់
  យកព្រះទ័យទុក ដាក់ហើយត្រង់ត្រាប់ ពាក្យអង្វរគាប់
    ទូលបង្គំផង ។
៣- ពេលខ្ញុំនៅឆ្ងាយ សន្លឹមអន្លាយ ហាក់អស់កម្លាំង
  ខ្ញុំស្រែកហៅរក ព្រះនាមព្រះអង្គ សូមដឹកនាំខ្ញុំ
    ទៅកាន់ថ្មខ្ពស់ ។
៤- ព្រះអង្គជាទី ជម្រករមណី រឹងមាំឥតមោះ
  ជាប៉មមាំមួន ជាកំពែងខ្ពស់ ព្រះជាអម្ចាស់
    តទល់សត្រូវ ។
៥- ទូលបង្គំចង់ រស់និត្យនៅក្នុង ពន្លាពេកកូវ
  របស់ព្រះអង្គ រហូតតទៅ ហើយសូមក្រាបនៅ
    ក្រោមម្លប់ព្រះអង្គ ។
៦- ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ តែងស្តាប់ពាក្យខ្ញុំ
  ព្រះអង្គប្រទាន មកទូលបង្គំ មរតកដ៏ធំ
    បម្រុងទុកឱ្យ ។
៧- សូមទ្រង់ប្រទាន ព្រះរាជាមាន ជន្មាមិនថយ
  អាយុយឺនយូរ សតវត្សទៅក្រោយ ជាម្លប់ផ្តល់ឱ្យ
    ប្រជាប្រុសស្រី ។
៨- សូមមហាក្សត្រ គ្រងរាជ្យរហូត ក្រោមភក្ត្រម្ចាស់ថ្លៃ
  រហូតតទៅ ដោយព្រះហឫទ័យ មេត្តាប្រណី
    ករុណាស្មោះស្ម័គ្រ ។
៩- ខ្ញុំនឹងតម្កើង ព្រះម្ចាស់ខ្ពស់ឡើង រាល់ថ្ងៃឥតអាក់
  ឥតឈប់ឥតឈរ ឱ្យសមនឹងពាក្យ សន្យាលាយល័ក្ខណ៍
    ចំពោះព្រះអង្គ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច ។

ទំនុកតម្កើងលេខ ៦៤

ពាក្យអធិដ្ឋានទូលអង្វរប្រឆាំងនឹងខ្មាំងសត្រូវ

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

២ ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។
៣
សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
៤
គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។
៥
ពួកគេលួចប្រហារមនុស្សទៀងត្រង់ គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។
៦
ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!”។
៧
គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
៨
ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
៩
ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស
អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០
មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១
សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,៣)

ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១១)

ដី​ធ្វើឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដីសុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបំភ្លឺមនុស្សលោក។ ព្រះបុត្រាយាងមកប្រកបដោយសិរីរុងរឿងយ៉ាងអស្ចារ្យ ទ្រង់នឹងបំបាត់ភាពងងឹត និងសេចក្តីអាក្រក់គ្រប់យ៉ាង។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំធ្វើជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !