០៦ ធ្នូ ២០២៥

Written on 23/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសៅរ៍

(ពេលថ្ងៃ)

ថ្ងៃសៅរ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៣៣-៤០

សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

៣៣ ឱព្រះអម្ចាស់អើយ!
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​
ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា! ។
៣៤
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។
៣៥
សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
៣៦
សូមទាក់ទាញចិត្តទូលបង្គំ ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ!
៣៧
សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
សូមឱ្យទូលបង្គំមានជីវិត ដោយសារមាគ៌ារបស់ព្រះអង្គ!
៣៨
សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា សម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩
សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ ជាការដែលទូលបង្គំខ្លាចរអែងណាស់
ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០
ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្តីសុចរិតរបស់ព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៣៤

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់

បើបងប្អូនពិតជាបានក្រេបជញ្ជក់នឹងដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស​មែន! (១សល ២,៣)។

(ក)

(បទកាកគតិ)

២- ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ
៣- ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា
៤- សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ
៥- ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់
៦- អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ
៧- អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះអង្គ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច
៨- ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ
៩- ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល
១០- ឱប្រជារាស្ត្រ របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់
  ព្រះម្ចាស់នៃយើង បានសុខឥតខ្វល់ មិនជួបអំពល់
    ឬខ្វះខាតអ្វី
១១- អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី
  តែអ្នកដែលស្វែង រកព្រះម្ចាស់ថ្លៃ នឹងមិនខ្វះអ្វី
    សុខសាន្តតទៅ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

(ខ)

១២ កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣
តើមាននរណាចង់បានអាយុវែង
និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤
ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦
ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧
ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨
ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១
ព្រះអង្គតាមថែរក្សាគេជានិច្ច គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២
អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។


ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,៣)

ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១១)

ដី​ធ្វើឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដីសុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គបានចាត់ព្រះបុត្រាយាងមករំដោះមនុស្សលោកឲ្យរួចពីបាប។
យើងខ្ញុំសូមអង្វរព្រះអង្គដោយស្មោះអស់ពីចិត្ត សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យមានសេរីភាពដ៏ពេញលេញ ដើម្បីស្រឡាញ់ព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !