រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃអង្គារ
(ពេលថ្ងៃ)
ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១-៨
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ (១យហ ៥,៣)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ១ | អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ |
| ២ | អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! |
| ៣ | អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ |
| ៤ | ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ |
| ៥ | សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។ |
| ៦ | ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។ |
| ៧ | ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។ |
| ៨ | ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៣
សំណោករបស់មនុស្សសុចរិត ដែលជឿទុកចិត្តលើព្រះជាម្ចាស់
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។
(បទពុំនោល)
| ២- | បពិត្រព្រះអម្ចាស់អើយ | តើនៅកន្តើយ | ព្រងើយនឹងខ្ញុំដល់ណា? |
| | ម្តេចនៅតែងាកភក្ត្រា | ចេញពីកាយា | ទូលបង្គំដល់ណាទៀត? |
| ៣- | តើទ្រូងខ្ញុំត្រូវចង្អៀត | កង្វល់ឥតឃ្លាត | ក្នុងចិត្តរហូតដល់ណា? |
| | តើចិត្តខ្ញុំត្រូវខ្លោចផ្សារ | កើតក្តីទុក្ខា | អាត្មាព្រួយដល់អង្កាល់? |
| | តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល | លើខ្ញុំអង្កាល់ | ទើបស្រាលនឹងបានល្ហែល្ហើយ? |
| ៤- | ឱព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ ។ |
| | សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ ។ |
| ៥- | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា “អញសម្លាប់ | អញចាប់បានឈ្នះវាហើយ” ។ |
| | ពួកសត្រូវឥតកន្តើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ ។ |
| ៦- | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ ។ |
| | សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ ។ |
| | សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី ។ |
| | កោតសរសើរព្រះបិតា | ព្រះរាជ្យបុត្រា | និងព្រះវិញ្ញាណដ៏វិសុទ្ធ |
| | ដែលព្រះអង្គទ្រង់គង់នៅ | តាំងតែពីដើម | ហើយជាដរាបរៀងទៅ ។ |
ទំនុកតម្កើងលេខ ១៤
ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប!
នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។
| ១ | មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ” គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ |
| ២ | ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។ |
| ៣ | ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ |
| ៤ | តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។ |
| ៥ | ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។ |
| ៦ | អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។ |
| ៧ | សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។ នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៥)
ព្រះអម្ចាស់មានព្រះបន្ទូលថា ៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រងរាជ្យប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ២៣,៦)
នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្តេចនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៤,១៥-១៦)
យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា !
ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។
សូមព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ហើយប្រទានពរឲ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

