ទំនុកតម្កើងរបស់ព្រះនាងម៉ារី (ស្មូត)

Written on 26/09/2025
Boy KANN

(បទព្រហ្មគីតិ)

៤៧ ខ្ញុំមានចិត្តអំណរ សប្បាយអរពន់ពេកណាស់  
  ព្រោះខ្ញុំបានដឹងច្បាស់ ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ ព្រះអង្គទតមកខ្ញុំ ជាអ្នកបម្រើស្ម័គ្រស្មោះ  
  តទៅមនុស្សទាំងអស់ ថាខ្ញុំនេះសែនសុខក្រៃ
៤៩ ព្រះដ៏មានឫទ្ធា ខ្លាំងអស្ចារ្យលើលោកីយ៍  
  សម្ដែងឫទ្ធិបារមី ព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ ទ្រង់មានព្រះហឫទ័យ ត្រាប្រណីខ្ពស់បំផុត  
  ដល់អ្នកគោរពកោត ខ្លាចព្រះអង្គរៀងរហូត
៥១ ព្រះអង្គសម្ដែងឫទ្ធិ អស្ចារ្យពិតមិនរលត់  
  កម្ចាត់មនុស្សមានពុត ឆ្មើងបំផុតឫកខែងរែង
៥២ ទ្រង់បានច្រានទម្លាក់ អ្នកធំធ្លាក់ពីតំណែង  
  ឥតមានខ្លាចរអែង ហើយទ្រង់តែងលើកអ្នកទាប
៥៣ ព្រះអង្គប្រោសប្រទាន ឱ្យអ្នកឃ្លានឆ្អែតដរាប  
  អ្នកមានធនធានស្រាប់ ដេញត្រឡប់ដៃទទេ
៥៤ ព្រះអង្គបានជួយរាស្ត្រ ទ្រង់ទាំងអស់ឥតប្រួលប្រែ  
  អ៊ីស្រាអែលនៅក្បែរ ជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ ទ្រង់តែងមានព្រះទ័យ ករុណាក្រៃមិនថ្នាំងថ្នាក់  
  លោកអប្រាហាំជាក់ និងពូជពង្សលោកជានិច្ច
  ដូចទ្រង់បានសន្យា នឹងដូនតាឥតមានភ្លេច  
  ព្រះអង្គចាំជានិច្ច គ្មានកលកិច្ចប្រែប្រួលឡើយ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច