មជ្ឈមណ្ឌលសន្តអ៊ីរ៉េណេ
គឺជាទីស្នាក់ការកណ្តាល ដែលបំពេញបេសកកម្មមិនស្វែងរកប្រាក់ចំណេញ នៅក្នុងក្របខ័ណ្ឌព្រះសហគមន៍កាតូលិកកម្ពុជាទាំងបីភូមិភាគ គឺភូមិភាគ ភ្នំពេញ បាត់ដំបង និងកំពង់ចាម។ ការងារចម្បងផ្តោតលើវិស័យអប់រំព្រះបន្ទូល និងអប់រំជំនឿគ្រីស្តសាសនាតាមសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិក។
បេសកកម្ម
- ប្រកាសព្រះបន្ទូលដល់មនុស្សទាំងឡាយ ណែនាំគេឱ្យធ្វើជាសាវ័ក ធ្វើពិធីជ្រមុជទឹក និងបង្រៀនគេឱ្យប្រតិបត្តិតាមព្រះបន្ទូល (មថ ២៨,១៨-២០)។
- ផលិតឯកសារ បោះពុម្ពជាសៀវភៅ រូបភាព វីដេអូ និងផ្សព្វផ្សាយអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។
- បង្កើតកម្មវិធីបណ្តុះបណ្តាល បង្រៀន សិក្ខាសាលា និងសន្និបាតអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។
ទស្សនវិស័យ
- ជំនឿ សេចក្តីសង្ឃឹម និងសចក្តីស្រឡាញ់ (១ករ ១៣,១៣) គឺជាគុណតម្លៃដ៏កំពូលនៃគ្រីស្តសាសនា។ យើងចង់ឃើញគ្រីស្តបរិស័ទចម្រើនឡើង ព្រមទាំងមានធនធានក្នុងការបញ្ជូនបន្ត និងចេះផ្តល់សក្ខីភាពអំពីគុណតម្លៃនេះនៅក្នុងជីវិតរស់នៅដល់បងប្អូនឯទៀតតាមព្រះអំណោយទានរបស់ខ្លួន។
- យើងចង់ឃើញមនុស្សទាំងឡាយបានទទួល និងប្រតិបត្តិតាមព្រះបន្ទូលព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត។ ព្រះបន្ទូលបានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្តដើម្បីសម្តែងឱ្យមនុស្សលោកស្គាល់។ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដើម្បីនាំមនុស្សទៅកាន់ព្រះបិតា និងដើម្បីឱ្យគេមានជីវិតពេញបរិបូណ៌ (យហ ១,១៤; ១០,១០; ១៤,៦)។
រចនាសម្ពន្ធ
- គណៈអភិបាល មានលោកអភិបាលណែនាំ១រូប និងលោកបូជាចារ្យសម្របសម្រួល១រូប។
- គណៈកម្មការអន្តរភូមិភាគ គឺជាតំណាងតាមភូមិភាគនីមួយៗចំនួន៤រូប។
- គណៈប្រតិបត្តិ មាននាយកប្រតិបត្តិ១រូប និងក្រុមសហការី។

